(បារាំង)៖ នាថ្ងៃចន្ទនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ដើម្បីបើកកិច្ចពិភាក្សានៅទីក្រុងប៉ារីស ស្របពេលដែលលោក ស៉ី ចាប់ផ្តើមជាផ្លូវការ នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្នុងប្រទេសបារាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤។

លោក Macron បានធ្វើការទទួលស្វាគមន៍លោក ស៉ី យ៉ាងកក់ក្តៅ នៅខាងក្រៅវិមានប្រធានាធិបតី Elysee មុនពេលអញ្ជើញលោកប្រធានាធិបតីចិន ចូល​ទៅខាងក្នុង ដើម្បីចាប់ផ្តើមបើកកិច្ចពិភាក្សាកំពូលជាមួយគ្នា ដែលត្រូវគេរំពឹងថា នឹងគ្របដណ្តប់ដោយសង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងវិស័យពាណិជ្ជកម្ម។ សម្រាប់កិច្ចពិភាក្សាជុំដំបូង គឺត្រូវធ្វើឡើងក្នុងទម្រង់ត្រីភាគី ដោយមានវត្តមានប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ផងដែរ។

គួរបញ្ជាក់ថា លោក ស៉ី និងភរិយាគឺលោកស្រី Peng Liyuan បានធ្វើដំណើរមកដល់ប្រទេសបារាំង កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ។ ក្រោយបញ្ចប់ទស្សនកិច្ចនៅបារាំង លោក ស៊ី ជីនពីង នឹងត្រូវបន្តធ្វើទស្សនកិច្ចទៅកាន់ប្រទេសស៊ែរប៊ី នៅថ្ងៃទី៧ ខែឧសភា និងក្រោយមកទើបបន្តដំណើរទៅកាន់ ប្រទេសហុងគ្រី ដែលជាទីឈប់សំចតចុងក្រោយ នៃដំណើរទស្សនកិច្ច របស់លោកនៅអឺរ៉ុប៕