(ព្រុចសែល)៖ ប្រធានគណៈកម្មការរបស់សហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃចន្ទនេះថា លោកស្រី នឹងគូសបញ្ជាក់អំពី ការប្រកួតប្រជែងដោយយុត្តិធម៌ជាមួយចិន នៅពេលជួបលោកប្រធានាធិបតី ស៉ី ជីនពីង ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងប៉ុន្មានម៉ោងមុនកិច្ចប្រជុំនៅទីក្រុងប៉ារីស ជាមួយលោក ស៉ី ជីនពីង និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោកស្រី von der Leyen បានបញ្ជាក់ថា «យើងត្រូវតែធ្វើការដើម្បីឱ្យប្រាកដថា ការប្រកួតប្រជែងមានភាពយុត្តិធម៌ និងគ្មានការបំភ្លៃ»។ យើងមើលឃើញយ៉ាងច្បាស់ពីទំនាក់ទំនងរបស់យើងជាមួយចិន ដែល មានភាពស្មុគស្មាញ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់បំផុតផងដែរ»។ លោកស្រី Von der Leyen បានសង្កត់ធ្ងន់លើបញ្ហានៃទំនិញដ៏ហូរហៀររបស់ចិនក្នុងទីផ្សារអឺរ៉ុប និងវិធីសាស្រ្តនាំយកទំនិញចូលក្នុងតម្លៃទាបពេក ធ្វើឱ្យក្រុមហ៊ុននានារបស់សហភាពអឺរ៉ុប លំបាកក្នុងការប្រកួតប្រជែង។

គួរបញ្ជាក់ថា អាជ្ញាធរសហភាពអឺរ៉ុបដែលទទួលបន្ទុកបញ្ហាពាណិជ្ជកម្ម បានបើកការស៉ើបអង្កេតការលើប្រកួតប្រជែងមួយចំនួន ដែលផ្តោតលើប្រទេសចិន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ទីក្រុងប៉េកាំង មានការខឹងសម្បារយ៉ាងខ្លាំង ដោយសង្ស័យថា មានលក្ខណៈមិនស្មើភាពហើយហៅចំណាត់ការនោះថាជា «របបគំាពារនិយម» របស់ EU៕