(ហាណូយ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រសួងសន្តិសុខសាធារណៈនៃប្រទេសវៀតណាម បានឱ្យដឹងថា ប៉ូលិសបានចាប់ខ្លួនលោក Mai Tien Dung អតីតប្រធានការិយាល័យរដ្ឋាភិបាលវៀតណាម ក្រោមការសង្ស័យពីបទរំលោភអំណាច ខណៈការចាប់ខ្លួននេះកើតមានឡើង ស្របពេលដែលវៀតណាម កំពុងបន្តយុទ្ធនាការបោសសំអាតអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤។
ក្រសួងសន្តិសុខសាធារណៈវៀតណាម បានបន្ថែមថា ការចាប់ខ្លួនលោក Dung ដែលមានវ័យ៦៥ឆ្នាំ គឺស្ថិតក្រោមក្របខណ្ឌនៃដំណើរការស៉ើបអង្កេត ទៅលើសំណុំរឿងពុករលួយមួយ នៅឯខេត្តខ្ពង់រាបភាគកណ្តាល Lam Dong ហើយការចាប់ខ្លួនរូបលោក ត្រូវបានធ្វើឡើងតាំងតែពីថ្ងៃទី៣០ ខែមេសា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅវៀតណាម មានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លា ដោយមន្រ្តីរដ្ឋាភិបាល ទាំងជាន់ទាបនិងជាន់ខ្ពស់ រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ ត្រូវបានដាក់ពិន័យ ផ្តន្ទាទោស ឬក៏បង្ខំឱ្យចុះចេញពីអំណាច។
តួយ៉ាង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋសភាវៀតណាម ទើបតែបានបោះឆ្នោតអនុម័តការសម្រេចដកតំណែង ប្រធានរបស់ខ្លួនគឺ លោក Vuong Dinh Hue បន្ទាប់ពីបានបោះឆ្នោតដក ប្រធានាធិបតីវៀតណាម លោក Vo Van Thuong កាលពីខែមីនា។ ទាំងលោក Hue និងលោក Thuong ត្រូវបានបក្សកុម្មុយនិស្តវៀតណាមចោទប្រកាន់ថា បានប្រព្រឹត្តទង្វើរំលោភបំពាន ដែលមិនត្រូវបានបញ្ជាក់ និងអសមត្ថភាព។
គួរបញ្ជាក់ថា ពាក់ព័ន្ធករណីលោក Mai Tien Dung វិញ គឺបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ការចាប់ខ្លួនលោកមានជាប់ពាក់ព័ន្ធ ទៅនឹងគម្រោងអចលនទ្រព្យមួយ នៅខេត្ត Lam Dong។ លោក Dung ធ្លាប់កាន់តំណែងជា ប្រធានការិយាល័យរដ្ឋាភិបាលវៀតណាម ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ក្រោមអតីតនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc។ លោក Phuc បានឡើងកាន់តួនាទីជា ប្រធានាធិបតីវៀតណាម កាលពីខែមេសា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានបង្ខំឱ្យលាលែងពីតំណែងវិញ ក្នុងរយៈពេលមិនដល់២ឆ្នាំឡើយ៕