(ឡុងដ៏)៖ ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុម «ជ្រុលនិយម» ២ក្រុម និងបុគ្គល ៤នាក់នៅអ៉ីស្រាអែលដែលខ្លួនបានស្តីបន្ទោសចំពោះអំពើពើហិង្សា នៅតំបន់ West Bank ជាកញ្ចប់វិធានការថ្មីចុងក្រោយរបស់ខ្លួនប្រឆាំងនឹងអ្នកតាំងលំនៅអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ ២០២៤។

ក្រសួងការបរទេសអង់គ្លេស បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា Hilltop Youth និង Lehava ជាក្រុមចំនួន ២ដែលបានគាំទ្រ ញុះញង់ និងលើកកម្ពស់អំពើហិង្សាប្រឆាំងសហគមន៍ប៉ាឡេស្ទីន នៅឯតំបន់ West Bank។ រីឯ បុគ្គល​ទាំង ៤នាក់​ដែល​ត្រូវបានដាក់ទណ្ឌកម្ម​ គឺជាអ្នកដែលត្រូវទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភសិទ្ធិ​មនុស្ស​ប្រឆាំង​សហគមន៍​ប៉ាឡេស្ទីន។ ក្នុង​ចំណោម​ពួក​គេ​ មានអ្នកដែល​បង្រៀនឱ្យ​ក្រុម​​តាំង​លំនៅចេះប្រព្រឹត្ត​អំពើ​ហិង្សា និងអ្នកដែលបានសម្លាប់​ប្រជាជន​ប៉ាឡេស្ទីនក្រោម​ហេតុផល​សាសនា។ លោករដ្ឋមន្ត្រី David Cameron បានគូសបញ្ជាក់ថា «អាជ្ញាធរអ៉ីស្រាអែល ត្រូវតែរារាំងអ្នកដែលប្រព្រឹត្តខុស។ ចក្រភពអង់គ្លេស មិនស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការថែមទៀតប្រសិនបើចាំបាច់ រួមទាំងយន្តការដាក់ទណ្ឌកម្មនេះ»។

គួរបញ្ជាក់ថា អំពើហិង្សានៅតំបន់ West Bank បានកើនឡើងរួចទៅហើយ មុនសង្រ្គាមហ្គាហ្សាផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ហើយកាន់តែខ្លាំងក្លាថែមទៀតជាមួយនិងការវាយឆ្មក់របស់យោធាអ៉ីស្រាអែល អំពើហិង្សាពីសំណាក់ក្រុមអ្នកតាំងលំនៅ និងការវាយប្រហារតាមដងផ្លូវរបស់ប៉ាឡេស្ទីន៕