(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងចិន មានភាពតានតឹងនឹងគ្នាស្ទើរតែលើគ្រប់វិស័យរាប់ចាប់ពីបច្ចេកវិទ្យា រហូតដល់យោធា ហើយបញ្ហាប្រឈមដ៏គ្រោះថ្នាក់បន្ទាន់បំផុតរវាងមហាអំណាច ទាំង២ នោះគឺជម្លោះទឹកដីក្នុងតំបន់សមុទ្រចិនខាងត្បូងរវាងទីក្រុងប៉េកាំង និងបណ្ដាប្រទេសក្នុងតំបន់តួយ៉ាងដូចជាហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តមានសន្ធិសញ្ញាការពារជាតិរួមគ្នាជាមួយ ទីក្រុងវ៉ាស៊ីនតោន។ អំឡុងជំនួបជាមួយមេដឹកនាំចិនក្នុងទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបង្ហាញការព្រួយបារម្ភពីការប៉ះទង្គិចគ្នារវាងចិន និងហ្វីលីពីន ជាបន្តបន្ទាប់នៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal នៃតំបន់សមុទ្រចិនខាងត្បូង។

ខណៈកំពុងបង្កើនការទាមទារអធិបតេយ្យ និងសកម្មភាពក្នុងតំបន់សមុទ្រចិនខាងត្បូង ចិនក៏ត្រូវបានគេមើលឃើញផងដែរថាបាន និងកំពុងពង្រីកអំណាចកងទ័ពជើងទឹកដើម្បីអាចមានតុល្យភាព អំណាច ឬអាចស៊ីសងគ្នាជាមួយកងទ័ពអាមេរិក។ ជុំវិញការកើនឡើងចំនួននាវាចម្បាំងរបស់ចិននេះដែរ អ្នកជំនាញយោធាអាមេរិកមានការយល់ឃើញផ្សេងៗគ្នា ដោយខ្លះថាទោះបីជាមាន ចំនួនច្រើនក៏ពិតមែន តែមានតែបរិមាណ ខ្វះគុណភាពដោយបច្ចេកវិទ្យានាវាចម្បាំងចិនមិនទាន់អាចដើរទាន់នាវាចម្បាំងដ៏ទំនើបរបស់សហរដ្ឋអាមេរិកបាននោះទេ។ ចំណែកឯ អ្នកជំនាញខាងយុទ្ធសាស្ត្រយោធាខ្លះទៀតដូចជាលោក Sam Tangredi យល់ថានៅក្នុងសង្រ្គាមជើងទឹក កងទ័ពដែលមាននាវាចម្បាំងច្រើន សឹងតែទទួលបានជ័យជម្នះជានិច្ច។

ក្នុងអត្ថបទវិភាគមួយចេញផ្សាយនៅលើទស្សនាវាដ្ដី Proceedings របស់វិទ្យាស្ថាន US Naval Institute កាលពីឆ្នាំ២០២៣ លោក Tangredi បាននិយាយថាប្រសិនបើប្រវត្តិសាស្ត្រគឺជា មេរៀន នោះអត្ថាប្រយោជន៍ដោយមាននាវាចម្បាំងច្រើនរបស់ចិន អាចនឹងធ្វើឱ្យកងទ័ពជើងទឹកអាមេរិកទទួលបរាជ័យក្នុងសង្រ្គាមជាមួយចិន។ លោក Tangredi ដែលជាអតីតកាពីទែន កងនាវាអាមេរិក និងជាប្រធានផ្នែកសិក្សាពីអនាគតសង្រ្គាមមកពីសាលាកងទ័ពជើងទឹកអាមេរិក US Naval War College ធ្វើការសន្និដ្ឋានបែបនេះដោយផ្អែកលើការសិក្សាពីសង្រ្គាមជើងទឹក ចំនួន២៨ រាប់ចាប់ពី សង្រ្គាមរវាងក្រិក និងពែក្ស នៅឆ្នាំ៥០០មុនគ.ស រហូតដល់សង្រ្គាមត្រជាក់ និងសង្រ្គាមប្រូកស៊ី (proxy)។

ក្នុងការសិក្សានេះលោកបានរកឃើញថាមានតែក្នុងសង្រ្គាមចំនួន៣ប៉ុណ្ណោះ ដែលកងទ័ពមានបច្ចេកវិទ្យាទំនើបអាចយកឈ្នះលើកងទ័ពមានគ្នាច្រើន។ អ្នកជំនាញរូបនេះក៏បានលើកឡើងពីសង្រ្គាម របស់អធិរាជបារាំងណាប៉ូឡេអុង នៅដើមទសវត្សរ៍ឆ្នាំ១៨០០ មកធ្វើជាឧទាហរណ៍ផងដែរ។ «ក្នុងសង្រ្គាមនេះនាវាចម្បាំងបារាំងមានឧត្តមភាពខាងបច្ចេកវិទ្យាទាំងការរចនា និងសាងសង់ ប៉ុន្តែ នៅទីបំផុតទៅ កងទ័ពជើងទឹកអង់គ្លេស Royal Navy ដែលមាននាវាចម្បាំងច្រើនទៅវិញទេ ដែលអាចរារាំងកងទ័ពណាប៉ូឡេអុង មិនឱ្យឆ្លងកាត់ច្រកសមុទ្រ English channel»។

ថ្នាក់ដឹកនាំមន្ទីរបញ្ចកោណ បានចាត់ទុកថាល្បឿននៃការអភិវឌ្ឍនាវាចម្បាំងយ៉ាងលឿនរហ័សរបស់ចិន គឺជាការគំរាមហែងមួយដល់អំណាចយោធាអាមេរិក។ ប៉ុន្តែតាមរយៈចំនួននាវាចម្បាំង បានបង្ហាញថាយោធាអាមេរិកមិនអាចតាមទាន់ការរីកចម្រើនធំធាត់របស់កងទ័ពជើងទឹកចិនឡើយ។ សព្វថ្ងៃ កងទ័ពជើងទឹកចិនមាននាវាចម្បាំងយ៉ាងហោច ៣៥០គ្រឿង ហើយមិនតែប៉ុណ្ណោះ កងទ័ពចិនក៏ត្រូវបានគេរំពឹងដែរថាអាចនឹងមាននាវាចម្បាំងកើនដល់ ៤០០គ្រឿង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ សហរដ្ឋអាមេរិកវិញមាននាវាចម្បាំងតែ ២៩០គ្រឿងប៉ុណ្ណោះ និងមានគោលដៅ បង្កើនដល់ ៣៥០គ្រឿងនៅឆ្នាំ២០៤៥ តែតួលេខនេះនៅតែតាមពីក្រោយចិនដដែល។ នេះបើតាមគម្រោង Navigation Plan 2022 របស់កងទ័ពជើងទឹកអាមេរិក។

ដូច្នេះដើម្បីប្រកួតប្រជែង ថ្នាក់ដឹកនាំយោធាអាមេរិកកំពុងពឹងផ្អែកលើបច្ចេកវិទ្យា។ របាយការណ៍មួយរបស់មន្ទីរបញ្ចកោណស្ដីពីយោធាចិនកាលពីឆ្នាំ២០២៣នោះដែរ បាននិយាយថាពិភពលោក កំពុងស្ថិតនៅក្នុងយុគសម័យថ្មីមួយនៃសង្រ្គាម ដោយការធ្វើសមាហរណកម្មបច្ចេកវិទ្យា ទ្រឹស្ដី ដៃគូ និងប្រព័ន្ធ គឺមានសារៈសំខាន់ជាងចំនួន ឬបរិមាណកងទ័ព ដែលអាចនឹងក្លាយជាកត្តាកំណត់ពី ជ័យជម្នះនៅក្នុងសង្រ្គាម។

តែទោះជាយ៉ាងនេះក្ដី លោក Tangredi បានសង្កត់ធ្ងន់ថាអំឡុងសង្រ្គាមលោកលើកទី២ ក្នុងតំបន់ប៉ាស៊ីហ្វិកជាទីដែលកងទ័ពជប៉ុនចាប់ផ្ដើមមានបច្ចេកវិទ្យាល្អប្រសើរជាងសហរដ្ឋអាមេរិក អាចយក មកធ្វើជាឧទាហរណ៍បានថាតើហេតុអ្វីបានជាការសន្និដ្ឋានបែបនេះរបស់មន្ទីរបញ្ចកោណ មិនត្រឹមត្រូវទាំងស្រុងទេ។ លោកបានគូសបញ្ជាក់ដូច្នេះថា «ចក្រពត្តិជប៉ុននៅពេលនោះ បានប្រឡូកចូល ក្នុងសង្រ្គាមជាមួយឧត្ដមភាពខាងបច្ចេកវិទ្យាមួយចំនួនដូចជាយន្ដហោះចម្បាំង Zero fighter មីស៊ីល Long-Lance torpedo និងគ្រាប់បែក torpedoes ទម្លាក់ចេញពីយន្ដហោះចម្បាំងដែលអាច វាយប្រហារលើតំបន់ទឹករាក់។ ក៏ប៉ុន្តែ ដោយសារការរួមបញ្ចូលគ្នា នៃឧស្សាកម្មអាមេរិក និងចំនួនដ៏ច្រើននៃនាវាចម្បាំងអាមេរិក ជាពិសេសផ្នែកភស្តុភារ និងនាវាដឹកកងទ័ពឡើងឆ្នេរ បានជួយឱ្យ សហរដ្ឋអាមេរិកយកឈ្នះលើកងទ័ពជប៉ុន»៕