(អង់ការា)៖ ប្រទេសតួកគីបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងមិនបន្តពាណិជ្ជកម្មជាមួយអ៊ីស្រាអែលដែលមានតម្លៃ ៧ពាន់លានដុល្លារក្នុងមួយឆ្នាំទៀតឡើយ រហូតទាល់តែមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងជំនួយមនុស្សធម៌ត្រូវបានធានានៅហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឱ្យ​តួកគី​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ដំបូង ​របស់​អ៊ីស្រាអែល​ដែល​ចាត់​វិធានការ​បែប​នេះ។ រដ្ឋមន្ត្រីពាណិជ្ជកម្មតួកគី លោក Omer Bolat បានលើកឡើងពីជំហរមិនអត់ធ្មត់របស់អ៊ីស្រាអែល និងស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងទីក្រុង Rafah របស់តំបន់ហ្គាហ្សា ដែលជាជម្រកចុងក្រោយសម្រាប់ជនភៀសខ្លួន ជាហេតុផលសម្រាប់ការបញ្ឈប់ការនាំចេញ និងការនាំចូលទាំងអស់នេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានរិះគន់ចំណាត់ការរបស់ប្រធានាធិបតីតួកគី លោក Tayyip Erdogan ដោយចាត់ទុកវាថាជាការរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ និងប្រដូចវាទៅនឹងអាកប្បកិរិយារបស់មេដឹកនាំផ្តាច់ការ។

ក្រុមហាម៉ាស់ ដែលជាក្រុមកាន់អំណាចនៅតំបន់ហ្គាហ្សា បានសរសើរការសម្រេចចិត្តរបស់តួកគី ដោយចាត់ទុកវាជាជំហានដ៏ក្លាហានមួយក្នុងការគាំទ្រសិទ្ធិប៉ាឡេស្ទីន។ ចំណាត់ការនេះតំណាងឱ្យការឆ្លើយតបខ្លាំងបំផុតរបស់ប្រទេសតួកគី ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ដែលបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅក្នុងតំបន់ ដែលមានប្រជាជនរស់នៅច្រើន។

ជាការឆ្លើយតបទៅនឹងការកើនឡើងសម្ពាធក្នុងស្រុក លោក Erdogan បានសង្កត់ធ្ងន់ថា តួកគីមិនអាចឈរដោយស្ងៀមស្ងាត់ក្នុងការប្រឈមមុខនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើប៉ាឡេស្ទីនបានទេ៕