(មូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បាននិយាយថា កងកម្លាំងរបស់លោកបានកាន់កាប់ទឹកដីចំនួន ៥៤៧ គីឡូម៉ែត្រក្រឡាក្នុងឆ្នាំនេះ ក្នុងអ្វីដែលលោកហៅថាជា «តំបន់ថ្មី» របស់ប្រទេសរុស្ស៊ី ដោយសំដៅទៅលើតំបន់អ៊ុយក្រែន ចំនួន៤ ដែលទីក្រុងម៉ូស្គូបានបញ្ចូលវាជាទឹកដីរបស់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។
ថ្លែងទៅកាន់មេបញ្ជាការយោធាជាន់ខ្ពស់ កាលពីថ្ងៃសុក្រ លោក Shoigu បាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងដកថយនៅតាមបណ្តោយជួរមុខ ខណៈពេលដែលកងទ័ពរុស្ស៊ីកំពុងទម្លុះតាមអ្វីដែលលោកហៅថា បណ្តាញនៃមូលដ្ឋានរឹងមាំរបស់អ៊ុយក្រែន។
លោក Shoigu បាននិយាយថា «កងទ័ពអ៊ុយក្រែនបានព្យាយាមរក្សាខ្សែការពាររៀងៗខ្លួន ប៉ុន្តែក្រោមការវាយលុករបស់យើង ពួកគេត្រូវបានបង្ខំឱ្យបោះបង់ចោលទីតាំងរបស់ពួកគេ និងដកថយ»។
លោកបាននិយាយទៀតថា «ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានរំដោះទីតាំងទីលំនៅដ្ឋាន Novopakhmutivka, Semenivka និង Berdichi ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ដោយសំដៅទៅលើឈ្មោះដែលរុស្ស៊ីប្រើសម្រាប់តំបន់មួយ ក្នុងចំណោមតំបន់ទាំងបួនដែលខ្លួនបានបញ្ចូលជារបស់ខ្លួន។
មេបញ្ជាការកំពូលរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពដែលមានចំនួនលើសរបស់ទីក្រុងកៀវ ត្រូវបានគេដកទៅកាន់ទីតាំងថ្មី ដែលស្ថិតនៅភាគខាងលិច នៃភូមិចំនួនបីដែលស្ថិតនៅតាមខ្សែជួរមុខភាគខាងកើតនៃជម្លោះ។
គួរជម្រាបថា នៅខែកញ្ញាឆ្នាំ ២០២២ ទីក្រុងម៉ូស្គូបានប្រកាសថា ខ្លួនបានដាក់បញ្ចូលជាផ្លូវការនូវតំបន់អ៊ុយក្រែនចំនួនបួនគឺ Donetsk, Kherson, Luhansk និង Zaporizhzhia ទៅក្នុងដែនអធិបតេយ្យរបស់ខ្លួន ទោះបីជាមិនមានការគ្រប់គ្រងពេញលេញលើពួកគេក៏ដោយ ប្រាំពីរខែបន្ទាប់ពីការបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន។ អ៊ុយក្រែនបានបរិហារសកម្មភាពនេះថា ជាការឈ្លានពានយកទឹកដីដោយខុសច្បាប់ ហើយបានប្រកាសពីចេតនាបោសសម្អាតទាហានរុស្ស៊ីទាំងអស់ ចេញពីទឹកដីខ្លួនវិញ រួមទាំងតំបន់គ្រីមេ ដែលក្រុងម៉ូស្គូបានបញ្ចូលក្នុងឆ្នាំ ២០១៤ផងដែរ៕