(វ៉ាស៉ីនតោន)៖ មន្រ្តីកំពូលផ្នែកស៉ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានលើកឡើងថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងមើលឃើញស្ថានការណ៍វិវត្តក្នុងស្រុកនិងអន្តរជាតិ មានទំនោរអំណោយផលសម្រាប់រូបលោក ហេតុដូច្នេះហើយ លោកទំនងជានឹងបន្តប្រើប្រាស់ យុទ្ធសាស្រ្តវាយលុកខ្លាំងៗ នៅអ៊ុយក្រែន ដែលនឹងធ្វើឱ្យសង្រ្គាមមិនងាយចប់ក្នុងពេលឆាប់ៗឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤។
លោកស្រី Avril Haines នាយកស៉ើបការណ៍សម្ងាត់ជាតិ បានថ្លែងប្រាប់គណៈកម្មាការធិការមួយនៃព្រឹទ្ធសភាអាមេរិកថា រុស្ស៉ីបានបង្កើនសកម្មភាពវាយប្រហាររបស់ខ្លួន ទៅលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ដើម្បីព្យាយាមបំផ្លាញសមត្ថភាពរបស់ទីក្រុងកៀវ ក្នុងការចល័តសព្វាវុធក៏ដូចជាកងទ័ព ពន្យឺតការផលិតសម្ភារការពារជាតិ និងបង្ខំឱ្យអ៊ុយក្រែនពិចារណាលើជម្រើសចរចាគ្នា។
លោកស្រី Haines បាននិយាយថា «ការប្រើតាក់តិចកាន់តែខ្លាំងក្លាឡើងៗរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន ដូចជាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អ៊ុយក្រែនជាដើម គឺមានចេតនាបង្ហាញឱ្យអ៊ុយក្រែនមើលឃើញថា ការបន្តប្រយុទ្ធតស៊ូរបស់ទីក្រុងកៀវ នឹងគ្មានទទួលបានលទ្ធផលអ្វី ក្រៅតែពីបង្កការបំផ្លិចបំផ្លាញ ចំពោះអ៊ុយក្រែនវិញប៉ុណ្ណោះ ហើយគ្មានផ្លូវអាចឆ្ពោះទៅរកជ័យជម្នះបានឡើយ។ តាក់ទិចបែបនេះទំនងជានឹងបន្តទៀត ហើយសង្រ្គាមទំនងមិនអាចចប់ ក្នុងពេលឆាប់ៗទេ»។
គួរបញ្ជាក់ថា លោកស្រី Haines និងលោក Jeffrey Kruse នាយកទីភ្នាក់ងារចារកម្មយោធាអាមេរិក បានចូលរួមផ្តល់សក្ខីកម្ម ចំពោះមុខគណៈកម្មាការកិច្ចការយោធា នៃព្រឹទ្ធសភាអាមេរិក ស្តីពីការវាយតម្លៃសម្រាប់ឆ្នាំ២០២៤ របស់សហគមន៍ស៉ើបការណ៍សម្ងាត់ ពាក់ព័ន្ធការគំរាមកំហែងផ្សេងៗ ដែលសហរដ្ឋអាមេរិកត្រូវប្រឈម៕