(ប្រាស៉ីលីយ៉ា)៖ អាជ្ញាធរប្រេស៉ីល បានឱ្យដឹងកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍នេះ នៅរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេស បានផ្តាច់ជីវិតមនុស្សយ៉ាងហោច២៩នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤។
ព្យុះភ្លៀងខាងលើដែលបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះបំណាក់ដីធ្ងន់ធ្ងរ ក៏បានធ្វើឱ្យមនុស្សសរុប៦០នាក់ បាត់ខ្លួនផងដែរ ហើយប្រមាណ១០,២៤២នាក់ ត្រូវបង្ខំឱ្យភៀសខ្លួនពីផ្ទះសម្បែង នៅតាមទីក្រុងសរុប១៥៤។ អភិបាលរដ្ឋ Rio Grande do Sul លោក Eduardo Leite បាននិយាយថា ស្ថានការណ៍ឆ្នាំនេះ មានសភាពអាក្រក់ខ្លាំងជាងការធ្លាក់ភ្លៀងខ្លាំងនៅក្នុងរដ្ឋ កាលពីឆ្នាំមុនទៅទៀត។ ជាមួយគ្នានេះ មនុស្សជាង៣០០,០០០នាក់ ត្រូវគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីទំនប់វារីអគ្គិសនីតូចមួយ បានលេចធ្លាយ។
គួរបញ្ជាក់ថា ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ ប្រទេសអាមេរិកឡាទីនមួយនេះ បានជួបប្រទះគ្រោះមហន្តរាយធម្មតជាតិ ជាបន្តបន្ទាប់ តួយ៉ាងកាលពីឆ្នាំមុន មនុស្សជាង៥០នាក់ បានស្លាប់នៅរដ្ឋ Sao Paulo ក្រោយការធ្លាក់ភ្លៀងខ្លាំង បានបង្កជាគ្រោះរអិលបាក់ដី និងទឹកជំនន់។ រីឯកាលពីឆ្នាំដដែលនោះ ព្យុះស៉ីក្លូនបានផ្តាច់ជីវិត មនុស្សជាង៣០នាក់ នៅរដ្ឋ Rio Grande do Sul៕