(សេអ៊ូល)៖ ចារកម្មកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០២៤នេះបាននិយាយថា កូរ៉េខាងជើងមានផែនការវាយប្រហារ «ភេរវកម្ម» ដោយមានគោលដៅលើមន្ត្រីទូត និងពលរដ្ឋកូរ៉េខាងត្បូងនៅក្រៅប្រទេស បន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងត្បូង ដំឡើងកម្រិតប្រកាសអាសន្ន សម្រាប់បេសកកម្មការទូតរបស់ខ្លួននៅក្នុងប្រទេសចំនួន៥ ក្នុងនោះរួមមាន៖ កម្ពុជា ឡាវ វៀតណាម, រុស្ស៉ី និងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចារកម្មកូរ៉េខាងត្បូងបានឱ្យដឹងទៀតថា ថ្មីៗនេះខ្លួនចាប់បានសញ្ញាជាច្រើនថាកូរ៉េខាងជើងកំពុងត្រៀមធ្វើសកម្មភាពវាយប្រហារភេរវកម្ម ប្រឆាំងនឹងបុគ្គលិកស្ថានទូត ឬពលរដ្ឋកូរ៉េខាងត្បូងនៅតាមប្រទេសជាច្រើន ដូចជាចិន ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា។ «កូរ៉េខាងជើងបានបញ្ជូនភ្នាក់ងារ ជាច្រើននាក់ទៅកាន់ប្រទេសទាំងនោះ ដើម្បីពង្រីកការតាមដានស្ថានទូតកូរ៉េខាងត្បូង និងកំណត់គោលដៅវាយប្រហារលើពលរដ្ឋកូរ៉េខាងត្បូង»។ នេះជាការបញ្ជាក់ បន្ថែមរបស់ចារកម្មកូរ៉េខាងត្បូង។

កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ក្រសួងការបរទេសកូរ៉េខាងត្បូង បានដំឡើងកម្រិតប្រកាសអាសន្នប្រឆាំងភេរវកម្មសម្រាប់ស្ថានទូតរបស់ខ្លួន ក្នុងប្រទេសចំនួន ៥រួមមាន៖ កម្ពុជា ឡាវ វៀតណាម ព្រមទាំងស្ថានកុងស៊ុលកូរ៉េខាងត្បូងប្រចាំទីក្រុង Vladivostok ប្រទេសរុស្ស៉ី និងទីក្រុង Shenyang ប្រទេសចិន។ ទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើង សុទ្ធតែមានស្ថានទូត ឬស្ថានកុងស៊ុល ក្នុងប្រទេសទាំង៥នេះ។

បើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង កូរ៉េខាងជើង មានទំនាក់ទំនងការទូតជាមួយប្រទេសជាង ១៥០ ប៉ុន្តែចំនួនបេសកកម្មទូតនៅក្រៅប្រទេសបានថយចុះ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ដោយបញ្ហាហិរញ្ញវត្ថុ៕