(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការពារជាតិអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាកងទ័ពរុស្ស៉ីបានចូលក្នុងមូលដ្ឋានកងទ័ពអាកាសមួយ នៅក្នុងប្រទេសនីហ្សេ ដែលកំពុងទទួលឱ្យកងទ័ពអាមេរិកឈរជើងនៅឡើយ ជាសកម្មភាពមួយកើតមានឡើងក្រោយរបបសឹកនីហ្សេប្រកាសបណ្ដេញកងទ័ពអាមេរិក ចេញពី ប្រទេសរបស់ពួកគេ។
របបសឹកនីហ្សេជាប្រទេសមួយស្ថិតក្នុងតំបន់អាហ្វ្រិកខាងលិច បានប្រាប់ឱ្យកងទ័ពអាមេរិកជិត ១០០០នាក់ ចាកចេញពីប្រទេសមួយនេះដែលមុនពេលមានរដ្ឋប្រហារយោធា កាលពីឆ្នាំមុនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្ដាញក្រុមអាល់កៃដា និង ISIS នៅក្នុងតំបន់។ មន្ត្រីជាន់ខ្ពស់អាមេរិកខាងលើ ដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថា កងទ័ពរុស្ស៉ីមិនមែនកំពុងនៅលាយឡំជាមួយកងទ័ពអាមេរិកទេ តែកំពុងប្រើប្រាស់ទីតាំងដាច់ដោយឡែកមួយ នៅមូលដ្ឋានទ័ពលេខ១០១ ស្ថិតនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Diori Hamani ក្នុងទីក្រុង Niamey ជារដ្ឋធានីនៃប្រទេសនីហ្សេ។
គួរបញ្ជាក់ថា បើតាមមន្ត្រីខាងលើដដែល អាជ្ញាធរនីហ្សេបានប្រាប់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ថាកងទ័ពរុស្ស៉ី៦០នាក់ នឹងស្ថិតនៅក្នុងប្រទេសនីហ្សេ ប៉ុន្តែ គេមិនទាន់អាចផ្ទៀងផ្ទាត់ពីចំនួនកងទ័ពរុស្ស៉ីបាននៅឡើយទេ៕