(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសុក្រ ទី៣ ខែឧសភានេះបាននិយាយថាខ្លួនបានប្រទះឃើញយន្ដហោះយោធាចិន ២៦គ្រឿង និងនាវា៥គ្រឿង នៅជុំវិញដែនកោះរបស់ខ្លួនក្នុងរយៈពេល ២៤ម៉ោងមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

វត្តមានយន្ដហោះយោធាចិននេះកើតមានឡើងប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុននឹងលោក Lai Ching-te ដែលចិនចាត់ទុកថាជាមនុស្សគ្រោះថ្នាក់ ត្រូវស្បថចូលកាន់ តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់នៅថ្ងៃទី២០ ខែឧសភានេះ។ ក្រសួងការពារជាតិតៃវ៉ាន់ ក្នុងសេចក្ដីថ្លែងការណ៍មួយបានបញ្ជាក់ថាក្នុងយន្ដហោះយោធាចិន ទាំងង២៦គ្រឿខាងលើ មាន ១៧គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ និងហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាការពារដែនអាកាស នៅភាគខាងជើង និងភាគខាងកណ្ដាលរបស់តៃវ៉ាន់។ ខ្សែបន្ទាត់កណ្ដាលច្រកសមុទ្រតៃវ៉ាន់ដែលមានប្រវែង ១៨០គីឡូម៉ែត្រគឺជាបន្ទាត់ខណ្ឌចែកក្រៅផ្លូវការ រវាងចិន និងតៃវ៉ាន់។

គួរបញ្ជាក់ថា នៅក្រោមរដ្ឋាភិបាលតៃវ៉ាន់ដឹកនាំដោយលោកស្រី Tsai Ing-wen ភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ បានឡើងកម្ដៅយ៉ាងខ្លាំង ដោយ លោកស្រី និងរដ្ឋាភិបាលរបស់លោកស្រីបានច្រានចោលការទាមទារសិទ្ធិអធិបតេយ្យរបស់ចិនលើកោះតៃវ៉ាន់ ហើយថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះ ដែលជា អ្នកកំណត់ជោគវាសនារបស់តៃវ៉ាន់។ ភាពតានតឹងរវាងចិន និងតៃវ៉ាន់ត្រូវបានគេរំពឹងថានឹងឡើងកម្ដៅជាថ្មីនៅមុន ឬក្រោយលោក Lai Ching-te មានទំនោរ ដូចលោកស្រី Tsai ក្លាយជាមេដឹកនាំថ្មីរបស់តៃវ៉ាន់៕