(ហ្គាហ្សា)៖ អាជ្ញាធរទូទៅសម្រាប់កិច្ចការព្រំដែនក្នុងតំបន់ហ្កាហ្សា បានប្រកាសឱ្យដឹងថា អ៊ីស្រាអែលបានដោះលែងជនជាតិប៉ាឡេស្ទីន ៦៤ នាក់ដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការយោធា ដែលប្រព្រឹត្តទៅនៅតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។
អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរអ៊ីស្រាអែលបានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ៦៤ នាក់ ក្នុងរួមមានទាំងមនុស្សស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ តាមរយៈច្រក Kerem Shalom ក្នុងតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង។ ប្រភពសន្តិសុខប៉ាឡេស្ទីន បានគូសបញ្ជាក់ថា អ្នកទោសដែលត្រូវបានដោះលែងទាំងនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យស្ថានភាពសុខភាពរបស់ពួកគេ។
យោងតាមអង្គការសិទ្ធិមនុស្សប៉ាឡេស្ទីនបានឱ្យដឹងថា ក្នុងអំឡុងពេលប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប កងទ័ពអ៊ីស្រាអែលបានចាប់ខ្លួនជនជាតិប៉ាឡេស្ទីនរាប់រយនាក់ និងផ្ទេរពួកគេទៅកាន់គោលដៅដែលគេមិនស្គាល់។
គួរជម្រាបថា អ៊ីស្រាអែលបានបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកគេ ឆ្លងកាត់ព្រំដែនភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រមាណ ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០ នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
ការវាយប្រហារបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានបណ្តាលឱ្យមានអ្នកស្លាប់ និងការខូចខាតយ៉ាងធំ ដោយចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនបានកើនឡើងដល់ជាង ៣៤,០០០ នាក់ ចាប់តាំងពីជម្លោះបានចាប់ផ្តើម នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា៕