(ហ្គាហ្សា)៖ របាយការណ៍របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ការកសាងឡើងវិញនៅតំបន់ហ្គាហ្សាស្ទ្រីប អាចអូសបន្លាយដល់សតវត្សក្រោយ ប្រសិនបើនិន្នាការបច្ចុប្បន្ននៅតែបន្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។
បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជិតប្រាំពីរខែមកនេះ តំបន់ហ្គាហ្សាស្ទ្រីបបានទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលបណ្តាលឱ្យមានការខូចខាតគិតជាប្រាក់ រាប់ពាន់លានដុល្លារ។ ការវាយលុកនេះបានប្រែក្លាយអគារបេតុងខ្ពស់ៗជាច្រើននៅទីនោះ ប្រែក្លាយជាគំនរបាក់បែក ដោយមន្ត្រីអង្គការសហប្រជាជាតិបានពណ៌នាអំពីទេសភាពនេះថាស្រដៀងទៅនឹង «ទេសភាពនៅលើភពព្រះច័ន្ទ» ដែលបំផ្លិចបំផ្លាញ។
យោងតាមទិន្នន័យរបស់ប៉ាឡេស្ទីន ផ្ទះប្រមាណ ៨០,០០០ខ្នង ត្រូវបានវាយកម្ទេចនៅក្នុងជម្លោះនៅតំបន់ហ្គាហ្សា ខណៈការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់។
របាយការណ៍ពីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា UNDP បាននិយាយថា វានឹងចំណាយពេលប្រហែល ៨០ ឆ្នាំ ដើម្បីស្ដារលំនៅដ្ឋានទាំងអស់ដែលត្រូវបានបំផ្លាញទាំងស្រុងឡើងវិញ នៅក្នុងតំបន់ហ្គាហ្សា។
ការវាយតម្លៃរបស់ UNDP បានព្យាករណ៍ថា ដោយផ្អែកលើរយៈពេលនៃជម្លោះដែលកំពុងបន្ត ការរងទុក្ខរបស់ប្រជាជននៅហ្គាហ្សា នឹងអូសបន្លាយជាច្រើនទស្សវត្សរ៍ទៅមុខទៀត។ អ្នកគ្រប់គ្រង UNDP លោក Achim Steiner ព្រមានពីការបាត់បង់ជីវិតមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ និង ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការកើនឡើងនៃភាពក្រីក្រយ៉ាងខ្លាំងជាដើម។ លោកបានបញ្ជាក់ថា កាលៈទេសៈបែបនេះនឹងនាំឲ្យមានវិបត្តិការអភិវឌ្ឍធ្ងន់ធ្ងរដែលបង្អាក់ដល់អនាគតរបស់មនុស្សជំនាន់ក្រោយ៕