(ម៉ានីល)៖ នៅថ្ងៃព្រហស្បតិ៍នេះ ហ្វីលីពីនបានកោះហៅ មន្រ្តីទូតជាន់ខ្ពស់ម្នាក់របស់ចិន ដើម្បីសម្តែងការតវ៉ាចំពោះ ការប្រើប្រាស់កាណុងបាញ់ទឹកពីសំណាក់ទីក្រុងប៉េកាំង មកលើទូករបស់ហ្វីលីពីន នៅតំបន់ជម្លោះមួយ ក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤។
ក្រសួងការបរទេសហ្វីលីពីន បានប្រាប់ថា ភារធារីនៃស្ថានទូតចិន ត្រូវបានកោះហៅឱ្យទៅស្តាប់ការតវ៉ាជាលើកទី២០ នៅក្នុងឆ្នាំ២០២៤នេះ របស់ហ្វីលីពីនប្រឆាំងនឹងចិន ហើយស្ថិតក្នុងចំណោមសកម្មភាពតវ៉ាសរុប១៥៣លើក នៅក្រោមរដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តសកម្មភាពរបស់ឆ្មាំសមុទ្រ ក៏ដូចជាទូកនេសាទចិន ដែលទីក្រុងប៉េកាំងនៅតែជឿជាក់ថា ជាកងជីវពលដែនសមុទ្រ។ ខាងទីក្រុងម៉ានីល បានលើកឡើងថា ហ្វីលីពីនប្រឆាំងចំពោះសកម្មភាពបង្កហេតុ និងគ្រោះថ្នាក់ផ្សេងៗ របស់កងកម្លាំងឆ្មាំសមុទ្រ និងកងជីវពលដែនសមុទ្រនៃប្រទេសចិន រួមមានទាំងការប្រើប្រាស់កាណុងបាញ់ទឹក ជាដើម។
ហ្វីលីពីនបានចោទប្រកាន់ចិនថា កំពុងបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង ក្រោយពីនាវាសមុទ្រចិន បានប្រើកាំណុងបាញ់ទឹក មកលើនាវា២គ្រឿងរបស់ខ្លួន ហើយបង្កឱ្យមានការខូចខាត អំឡុងពេលធ្វើដំណើរនៅម្តុំតំបន់ថ្មប៉ប្រះទឹក Scarborough កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ កាលពីថ្ងៃពុធ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល បាននិយាយថា តំបន់នេះតែងតែជាផ្នែកនៃទឹករបស់ចិនរហូតមក ហើយបានទទូចឱ្យហ្វីលីពីន បញ្ឈប់អំពើរំលោភបំពាននិងបង្កហេតុនានា និងឈប់ប្រឆាំងការប្តេជ្ញាចិត្តរបស់ចិន ក្នុងការការពារអធិបតេយ្យរបស់ខ្លួន តទៅទៀត។
គួរបញ្ជាក់ថា តំបន់ Scarborough Shoal បានស្ថិតក្រោមការត្រួតត្រារបស់ចិន អស់រយៈពេលប្រមាណជាង១ទសវត្សរ៍មកហើយ។ ភាពតានតឹងនៅទីនោះបានកើនឡើង ក្នុងពេលមួយរយៈចុងក្រោយនេះ ខណៈហ្វីលីពីនបានធ្វើសកម្មភាពរឹងមាំជាងមុន នៅតាមតំបន់ដែលមានបញ្ហាវិវាទនៃសមុទ្រចិនខាងត្បូង ហើយទន្ទឹមគ្នាបានពង្រឹងសម្ព័ន្ធភាព របស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ តំបន់នោះ សម្បូរទៅដោយធនធានមច្ឆា ដែលត្រូវបានទាញយកផលដោយប្រទេសមួយចំនួន ហើយស្ថិតនៅក្បែរ ច្រកដឹកជញ្ជូនផ្លូវទឹកសំខាន់ៗថែមទៀត។ ខណៈវាស្ថិតក្នុងតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន និងត្រូវបានទាមទារដោយចិន ពុំមានប្រទេសណាមួយឡើយ ដែលមានអធិបតេយ្យភាពលើទីនោះ៕