(វ៉ាស៊ីនតោន)៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បាតុករគាំទ្រប៉ាឡេស្ទីនជាង ១,០០០ នាក់ត្រូវបានចាប់ខ្លួន ខណៈដែលបាតុកម្មប្រឆាំងសង្រ្គាមហ្គាហ្សា នៅតែបន្តនៅតាមសាកលវិទ្យាល័យជាង ២០ នៅទូទាំងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

សកលវិទ្យាល័យមួយចំនួន រួមទាំងសាកលវិទ្យាល័យ Columbia ជាកន្លែងដែលការតវ៉ាដំបូងបានផ្ទុះឡើង បានឃើញការតវ៉ាកាន់តែខ្លាំងឡើង ខណៈពេលដែលស្ថានភាពហាក់ដូចជាស្ងប់ស្ងាត់ខ្លះ នៅក្នុងបរិវេណសាលាមួយចំនួនផ្សេងទៀត។

កាលពីព្រឹកថ្ងៃអង្គារ បាតុកររាប់សិបនាក់បានប្រមូលគ្នានៅបរិវេណ Manhattan នៃសាកលវិទ្យាល័យ Columbia ដោយបានយកគ្រឿងសង្ហារិម និងរនាំងដែក ដើម្បីបិទច្រកចូល Hamilton Hall ដែលជាអគារមួយក្នុងចំណោមអគារជាច្រើនដែលកាន់កាប់ដោយនិស្សិត ក្នុងអំឡុងពេលសិទ្ធិស៊ីវិល និងការតវ៉ាប្រឆាំងនឹងសង្រ្គាមវៀតណាមក្នុងឆ្នាំ ១៩៦៨ ។

ក្រុមបាតុករបានបង្កើតខ្សែសង្វាក់មនុស្សនៅមុខអគារ ហើយបាននិយាយថា ពួកគេនឹងមិនចាកចេញទេ លុះត្រាតែសាលាបានឆ្លើយតបទៅនឹងការទាមទាររបស់ពួកគេ ដែលរួមមានការដកសាកលវិទ្យាល័យ ចេញពីក្រុមហ៊ុនដែលពាក់ព័ន្ធជាមួយអ៊ីស្រាអែលតម្លាភាពផ្នែកហិរញ្ញវត្ថុ និងការលើកលែងទោសសម្រាប់អ្នកដែលមានវិន័យក្នុងការតវ៉ា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ អ្នកនាំពាក្យសាកលវិទ្យាល័យ Columbia បាននិយាយថា «សិស្សដែលកាន់កាប់អគារនេះ ប្រឈមនឹងការបណ្តេញចេញពីសកលវិទ្យាល័យ»

អ្នក​នាំ​ពាក្យ​សាកលវិទ្យាល័យ​បាន​បញ្ជាក់​ថា ក្រុម​បាតុករ​ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យ​ចាកចេញ​ដោយ​សុវត្ថិភាព និង​រៀនបញ្ចប់​ឆមាស។ ប៉ុន្តែការមិនគោរពតាមលក្ខខណ្ឌដែលបានកំណត់តាំងពីថ្ងៃចន្ទ អាចនាំឱ្យមានការផ្អាករៀនភ្លាមៗតែម្តង។

អ្នក​នាំពាក្យ​រូប​នេះ​បាន​និយាយ​ថា​ «​ក្រុម​អ្នក​តវ៉ា​បាន​ជ្រើសរើស​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​តានតឹង​ទៅ​ក្នុង​ស្ថានភាព​មិន​អាច​គ្រប់គ្រង​បាន​ ពោល​គឺ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ ការ​បំបែក​ទ្វារ​ និង​បង្អួច​ បិទ​ច្រក​ចូល​...»

គួរជម្រាបថា កាលពីយប់ថ្ងៃអង្គារ ប៉ូលីសក្រុងញូវយ៉កបានចូលទៅក្នុងបរិវេណសាកលវិទ្យាល័យ Columbia ហើយបានចាប់ផ្តើមធ្វើការចាប់ខ្លួនមនុស្ស បន្ទាប់ពីបាតុករគាំទ្រប៉ាឡេស្ទីនបដិសេធមិនព្រមចាកចេញ។ ដោយមើលឃើញពីការកើនឡើងនេះ សេតវិមានបានសម្តែងការមិនពេញចិត្តចំពោះសកម្មភាពរបស់ក្រុមបាតុករនៅសាកលវិទ្យាល័យ Columbia៕