(ហាណូយ)៖ ការិយាល័យរដ្ឋសភានៃប្រទេសវៀតណាម បានប្រកាសនៅថ្ងៃពុធនេះថា រដ្ឋសភាវៀតណាមនឹងបើកសម័យប្រជុំវិសាមញ្ញមួយ នៅរសៀលថ្ងៃព្រហស្បតិ៍ស្អែក ដើម្បីពិភាក្សាអំពីបញ្ហាពាក់ព័ន្ធសមាជិករបស់ខ្លួន បន្ទាប់ពីប៉ុន្មានថ្ងៃមុន ប្រធានស្ថាប័នតាក់តែងច្បាប់វៀតណាម​មួយនេះ គឺលោក Vuong Dihn Hue បានសម្រេចលាលែងពីតំណែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤។

កាលពីខែមេសា រដ្ឋសភាវៀតណាមក៏បានបើកសម័យប្រជុំវិសាមញ្ញមួយផងដែរ ដើម្បីទទួលយកការលាលែងពីតំណែង ដែលមិនត្រូវបាន​រំពឹងទុកជាមុន របស់ប្រធានាធិបតី លោក Vo Van Thuong។ បើតាមគណបក្សកុម្មុយនិស្តវៀតណាម ថ្នាក់ដឹកនាំវៀតណាមទាំងពីររូប បានលាលែងពីតួនាទី ក្រោមហេតុផលស្រដៀងគ្នា គឺបានប្រព្រឹត្តខុសឆ្គង និងអសមត្ថភាព ហើយវាកើតឡើងចំពេលប្រទេសអាស៊ានមួយនេះ កំពុងបន្តយុទ្ធនាការបោសសំអាតអំពើពុករលួយ។

ក្រៅពីពិភាក្សាអំពីការលាលែងរបស់លោក Hue ភ្លាមៗនេះវាពុំទាន់ច្បាស់នៅឡើយទេថា តើអាចនឹងមានការសម្រេចចិត្ត ឬការតែងតាំង​ណាមួយ ត្រូវធ្វើឡើងដែរឬក៏យ៉ាងណា អំឡុងសម័យប្រជុំវិសាមញ្ញនាថ្ងៃព្រហស្បតិ៍ ដ្បិតវៀតណាមនៅត្រូវការស្វែងរកនិងអនុម័ត បុគ្គលដែលត្រូវមក​កាន់តំណែងជំនួសជាអចិន្រ្តៃយ៍ ទាំងសម្រាប់តំណែងប្រធានាធិបតី និងតំណែងប្រធានរដ្ឋសភា។

នៅប្រទេសវៀតណាម ពុំមានមេដឹកនាំកំពូលឡើយ ដោយជាផ្លូវការប្រទេសនេះ ដឹកនាំដោយសសរស្តម្ភចំនួន៤ រួមមានអគ្គលេខាធិការបក្សកុម្មុយនិស្ត ប្រធានាធីបតី នាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា។ យ៉ាងណាមិញ អគ្គលេខាធិការបក្សកុម្មុយនិស្ត ជាតំណែងដែលមានអំណាចធំជាងគេ នៅវៀតណាម។

គួរបញ្ជាក់ថា កន្លងមក លោក Hue ដែលមានវ័យ៦៧ឆ្នាំ ធ្លាប់ត្រូវគេមើលឃើញថា អាចជាអ្នកបន្តវេនកាន់តំណែងជា​ អគ្គលេខាធិការ​បក្សកុម្មុយនិស្តវៀតណាម នាថ្ងៃអនាគត។ ដោយឡែក រដ្ឋសភាវៀតណាម នឹងត្រូវបើកសម័យប្រជុំធម្មតារបស់ខ្លួន ដែលមានរយៈពេល​ជាច្រើនសប្តាហ៍ ចាប់ពីថ្ងៃទី២០ ខែឧសភា តទៅ៕