(កៀវ)៖ កងកម្លាំងអ៊ុយក្រែន ដែលឈរជើងការពារទីតាំងយុទ្ធសាស្រ្ត នៃតំបន់ភាគខាងកើតប្រទេស គឺទីក្រុង Chasiv Yar បាននិយាយថា ពួកគេកំពុងរង់ចាំការបញ្ជូនគ្រាប់រំសេវ បន្ថែមទៀតពីសហរដ្ឋអាមេរិក ក្រោយការអនុម័តកញ្ចប់ជំនួយយោធាថ្មីរបស់សភា ចំពោះមុខការវាយប្រហារយ៉ាងសន្ធឹកដោយយន្តហោះដ្រូន និងពីកងទ័ពរុស្ស៉ី។ នេះយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ ២០២៤។

កងទ័ពរុស្ស៉ីកំពុងបង្កើនការវាយលុកលើភាគខាងលិចទីក្រុង Avdiivka ជាទីក្រុងដែលខ្លួនដណ្តើមយកបានកាលពីខែកុម្ភៈ ឆ្នាំនេះ ហើយកងកម្លាំងរបស់យោធារុស្ស៉ី បានរុលទៅដល់ជាយក្រុង Chasiv Yar ខណៈក្រុងនេះ គឺជាកម្មវត្ថុសំខាន់មួយទៀត ដែលនឹងអនុញ្ញាតឱ្យ ពួកគេក្តោបក្តាប់ទីទួលខ្ពស់ ហើយកំណត់គោលដៅលើទីប្រជុំជន ក៏ដូចជាទីក្រុងបន្ថែមទៀត ទៅឯភាគខាងលិចកាន់តែឆ្ងាយទៀត។ លោក Oleh Shyriaiev មេបញ្ជាការកងពល 225th Separate Assault Battalion បាននិយាយថា «ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានគ្រាប់កាំភ្លើង ក្នុងពេលឆាប់ៗ»។ លោក Shyriaiev បានបន្ថែមថា «គ្រាប់ដែលផ្គត់ផ្គង់មកពីសម្ព័ន្ធមិត្ត បានជួយឱ្យមានភាពខុសប្លែកគ្នាខ្លាំង នៅលើសមរភូមិកន្លងមក»។

គួរបញ្ជាក់ថា បើតាម លោក Shyriaiev អង្គភាពរបស់លោក កំពុងស្ថិតក្រោមការវាយប្រហារឥតឈប់ឈរពីយន្តហោះដ្រូនរុស្ស៉ី៕