(គៀវ)៖ មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយថា មីស៊ីលរបស់រុស្ស៊ីបានវាយប្រហារស្ថាប័នអប់រំមួយ នៅក្នុងឧទ្យានមាត់សមុទ្រដ៏ពេញនិយម នៅក្នុងកំពង់ផែសមុទ្រខ្មៅ Odessa របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និង៣២នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
បន្ថែមពីលើអ្នកដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ បុរសម្នាក់បានស្លាប់ បន្ទាប់ពីទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ដែលជាលទ្ធផលនៃការវាយប្រហារនេះផងដែរ នេះបើតាមអភិបាលតំបន់ លោក Oleh Kiper បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ។
លោក Kiper បានគូសបញ្ជាក់ថា អ្នករបួស៨នាក់ រួមទាំងកុមារអាយុ ៤ ឆ្នាំម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្នុងចំណោមអ្នករងរបួសស្រាលមានក្មេងម្នាក់ទៀត និងស្ត្រីមានផ្ទៃពោះផងដែរ។
ខ្សែវីដេអូរបស់ Reuters បានបង្ហាញពីដំបូលអគារដ៏ប្រណិតមួយ ដែលជាសាលាច្បាប់ឯកជនមួយដែលត្រូវបានបំផ្លាញស្ទើរទាំងស្រុងបន្ទាប់ពីមានការវាយប្រហារ។ ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រើទឹកពន្លត់ភ្លើងតូចៗដែលនៅបន្តឆាបឆេះ។
អភិបាលក្រុង Odessa លោក Hennadiy Trukhanov បានបរិហារការវាយប្រហារនេះ នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ Telegram ថា «នេះជាសត្វចម្លែក សត្វព្រៃ សត្វតិរច្ឆាន។ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទៀតទេ...មនុស្សទៅដើរលេងនៅឆ្នេរសមុទ្រ ហើយត្រូវគេបាញ់សម្លាប់»៕