(កៀវ)៖ មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី បានជម្រុញការបញ្ជួនជំនួយយោធាឱ្យបានលឿនដើម្បី បញ្ចៀសការបាត់បង់ជីវិតមនុស្ស និងការបន្តបាត់បង់ទឹកដីអ៊ុយក្រែន ក្នុងកណ្តាប់ដៃរុស្ស៊ី។ អគ្គលេខាធិការអង្កការណាតូ លោក Jens Stoltenberg បានថ្លែងថា សង្គ្រាមនៅអ៊ុយក្រែន មិនមែនជាសង្គ្រាមនៃទ្រឹស្តីនោះទេ…ការពន្យាពេលលើ ការផ្គត់ផ្គង់គ្រាប់រំសេវ គឹជារឿងស្លាប់និងរស់។ អ៊ុយក្រែនបានបង្ខំចិត្តដកថយ កងកម្លាំងរបស់ខ្លួនចេញពីទីតាំងជួរមុខមួយចំនួនដោយ សារការខ្វះគ្រាប់រំសេវនិង ការខ្វះកម្លាំងទាហាន ថែមទៀត។ តើពេលវេលាណាដែលអ៊ុយក្រែន អាចត្រៀមលក្ខណៈប្រយុទ្ធតទល់សាជាថ្មីវិញ ដោយមិនត្រូវដកកម្លាំងថយនោះ?

ការផ្គត់ផ្គង់អាវុធគ្រាប់រំសេវមិនទាន់ពេលវេលា បានធ្វើឱ្យអ៊ុយក្រែនបន្តបាត់បង់ភូមិមួយចំនួន។ ការដែលអ៊ុយក្រែនបានដក កម្លាំងទាហានរបស់ខ្លួន ចេញពីភូមិចំនួន៣ទៀត នាភាគខាងកើតប្រទេស បានធ្វើឱ្យមេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី ថ្លែងបង្ហាញក្តីអស់សង្ឃឹមជាខ្លាំង ខណៈដែលជំនួយត្រូវបានអនុម័តហើយ បែរជាមកប្រឈមនឹង ឧបសគ្គបញ្ជួនយឺតយ៉ាវ ដែលធ្វើឱ្យអ៊ុយក្រែនត្រូវប្រឈម ការបាត់បង់ជិវិតមនុស្សនិងទឹកដីជាបន្ត។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានថ្លែងទទួលស្គាល់ថាប្រទេស លោកខាងលិចពិតជាមិនបានធ្វើដូចតាម ការសន្យាចំពោះរដ្ឋាភិបាលក្រុងគៀវ ពិតប្រាកដមែន ខណៈការសន្យារបស់សហរដ្ឋអាមេរិកដែលនិយាយថា នឹងជួយបំពេញបំណងអ៊ុយក្រែន តាមចិត្តចង់បាននោះ ត្រូវការរយៈពេល៦ខែឯនោះ ទើបអាចមានការអនុម័តជាចុងក្រោយបាន។ ជំនួយ៦១ពាន់លានដុល្លារនៃជំនួយយោធាអាមេរិកចំពោះអ៊ុយក្រែននោះទៀត បើទោះបីជាបានអនុម័តឱ្យមកមែន ប៉ុន្តែនៅតែត្រូវគេស្តីបន្ទោសថាមាន សភាពយឺតយ៉ាវដែលធ្វើឱ្យ ស្ថានការណ៍សឹកនៅលើសមរភូមិ មានភាពប្រែប្រួលជាខ្លាំង។

កងកម្លាំងអ៊ុយក្រែនវេលាចុងក្រោយនេះ បានបង្ខំចិត្តត្រូវដកថយចេញពីភូមិ Berdychi, ភូមិ Semenivka និងភូមិ Novomykhailivka ខណៈរុស្ស៊ីកំពុងតែវាយសម្រុក ទម្លុះគោលដៅប៉ុនប៉ង ចូលកាន់កាប់តំបន់ Pokrovsk និង Kurakhove។ រុស្សីបានថ្លែងកាលពីថ្ងៃចន្ទនូវការចូលគ្រប់គ្រងភូមិទី២មួយទៀត របស់អ៊ុយក្រែន ក្នុងរយៈពេលវាយប្រហារ២ថ្ងៃ។ នៅថ្ងៃចន្ទទី២៩មេសា នោះផងដែរ, ខណៈដែលអ៊ុយក្រែនកំពុងខ្វះ ប្រព័ន្ធអាវុធការពារដែនអាកាសមីស៊ីលរបស់ រុស្ស៊ី មួយគ្រាប់បាញ់ដាក់លើកំពង់ផែ Odesa ក្នុងឈូងសមុទ្ទខ្មៅបណ្តាលឱ្យមនុស្ស៤នាក់ ស្លាប់និង៣២នាក់ដទៃទៀតបានរងរបួស។

សេចក្តីរាយការណ៍បង្ហាញថាគ្រប់ទីកន្លែងក្នុងទំហំ ១៨០គីឡូម៉ែត្រទៅទិសខាងជើង, កងកម្លាំងរុស្ស៊ីបានសម្រេចកិច្ចការវាយលុករបស់ខ្លួន ដែលជាផ្នែកដ៏ធំមួយនៃទិសដៅ ផ្តាច់តំបន់ Kharkiv ដែលការវាយប្រហារដ៏លឿននេះ បានទន្ទឹមនឹងអ្វីដែលអ៊ុយក្រែនកំពុងរង់ចាំជំនួយ គ្រាប់រំសេវនិងគ្រឿងសព្វាវុធពីសហរដ្ឋអាមេរិក តាមរយៈកញ្ចប់ជំនួយ ៦១ពាន់លានដុល្លារ ដែលគេរាយការណ៍ថាបានចាប់ផ្តើមបញ្ជួន តាំងពីសប្តាហ៍មុនបន្ទាប់ពីប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខាផ្តល់សច្ចាប័នជាចុងក្រោយនោះមក។

នៅថ្ងៃទី២៩មេសា ប្រធានាធិបតីអ៊ុយក្រែនបានជួបជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg នៅក្នុងក្រុងគៀវ។ ការជួបគ្នានេះ បានធ្វើឡើងមួយថ្ងៃប ន្ទាប់ពីអ៊ុយក្រែន បានបន្តបាត់បង់ភូមិយ៉ាងហោចចំនួន៣ទៀតនៅលើ សមរភូមិដោយសារតែ ភាពរអាក់រអួល នៃជំនួយយោធាពីសហរដ្ឋអាមេរិក និងក្រុមបស្ចឹមប្រទេស ពីព្រោះការធ្វើសង្គ្រាមរបស់អ៊ុយក្រែន គឺពឹងផ្អែកលើការដកដង្ហើម ពីសហរដ្ឋអាមេរិក និងប្រទេសក្នុងទ្វីបអឺរ៉ុប។

លោកហ្សេឡិនស្គីបានត្អូញត្អែរ អំពីការធ្វើសង្គ្រាមដែលរង់ចាំតែជំនួយ ដែលមកដល់បន្តិចម្តងៗនេះ។ លោក ហ្សេឡិនស្គី បានថ្លែងថា បើនិយាយអំពីការផ្គត់ផ្គង់ គ្រឿងសព្វាវុធឱ្យទាន់ពេលវេលា ដល់កងទ័ពរបស់យើង ខ្ញុំមិនទាន់ឃើញមានលក្ខណៈវិជ្ជមាន ក្នុងការផ្គត់ផ្គត់ឱ្យទាន់ពេលវេលាឡើយ។ យើងមានជំនួយមែន ប៉ុន្តែជំនួយបានមកដល់ម្តងបន្តិចៗ តែប៉ុណ្ណោះ។ មេដឹកនាំអ៊ុយក្រែន បានបញ្ជាក់នូវភាពចាំបាច់នៃសេចក្តីត្រូវការគ្រាប់កាំភ្លើងផ្លោង Artillery និងប្រព័ន្ធការពារដែនអាកាស ដែលត្រូវផ្តល់មកអ៊ុយក្រែន ជាបន្ទាន់ ក្នុងពេលនេះថែមទៀត។ លោកហ្សេឡិនស្គីបានថ្លែងឱ្យដឹងដែរថា ជំនួយយោធាអាមេរិកបានចាប់ផ្តើមធ្វើដំណើរទៅ ដល់អ៊ុយក្រែនជាបន្តបន្ទាប់ហើយក្នុងពេលនេះ ប៉ុន្តែទោះជាយ៉ាងណាក្តី លោកបានបញ្ជាក់ថា គេចាំបាច់ត្រូវតែ ជំរុញឱ្យលឿនថែមទៀតលើ ការដឹកជញ្ជួនជំនួយទាំងនោះមកឱ្យអ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី។

លោក ហ្សេឡិនស្គី នៅបានលើកឡើងពាក់ព័ន្ធនឹងចំណុចទីបី អំពីរឿងលុយដែលលោកចាត់ ទុកថាវាជារឿងសំខាន់។ លោក បានថ្លែងអំណរគុណ​ ចំពោះដៃគូនៃប្រទេសទាំងឡាយដែល បានជួយអ៊ុយក្រែន ប៉ុន្តែលោកក៏បានដាក់សំណួរអំពីសារៈសំខាន់ នៃការទទួលលុយជំនួយ ទាំងនោះផងដែរ។

អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនលោកឧត្តមសេនីយ៍ Oleksandr Syrskyi បាននិយាយសារភាពថា ការបន្តបាត់បង់ភូមិទាំងបី របស់អ៊ុយក្រែន គឺដោយសារតែអ៊ុយក្រែនខ្វះកម្លាំងទ័ព គ្រាដែលរុស្ស៊ីមានកម្លាំងច្រើនជាងទាហានអ៊ុយក្រែនផង និងដោយសារតែភាពយឺតយ៉ាវ នៃការមកដល់គ្រឿងសព្វាវុធនិងគ្រាប់រំសេវ ដល់ទាហានអ៊ុយក្រែននៅលើសមរភូមិ ។

មេដឹកនាំអង្គការណាតូ លោក Jens Stoltenberg បានថ្លែងសម្តែងក្តីសោកស្តាយចំពោះភាព យឺតយ៉ាវនេះការជំនួយបញ្ជួន មកកាន់សមរភូមិ។ លោក Jens Stoltenberg បានថ្លែងថា «យើងត្រូវដឹង…យើងត្រូវនិយាយដោយស្មោះត្រង់… ហើយយើងត្រូវដឹងថាពេលដែលយើង មិនផ្តល់គ្រាប់រំសេវ… ពេលដែលយើងពន្យាពេល លើការផ្គត់ផ្គង់ គ្រាប់…វាជារឿងស្លាប់និង រស់។ វាពិតជាមានផលវិបាកប្រាកដមែន។ សង្គ្រាម នេះ មិនមែនជាប្រភេទនៃសង្គ្រាមដែល និយាយអំពីទ្រឹស្តីនោះទេ»។ លោកថ្លែងទទួលស្គាល់ ថាពេលវេលានៃភាពយឺតយ៉ាវ នៃការបញ្ជួនគ្រាប់រំសេវនិងអាវុធយុទ្ធភណ្ឌ គឺជាពេលវេលា ដែលមានទាហានអ៊ុយក្រែន ត្រូវប្រឈមនឹងការបាត់បង់ជិវិត។ លោក Jens Stoltenberg ទោះបីជាបាននិយាយសោកស្តាយនៃ ភាពយឺតយ៉ាវនៃការមកដល់ ជំនួយយោធានោះក៏ពិតមែន ប៉ុន្តែលោកបានថ្លែងបង្ហាញការ ទុកចិត្តថាអ៊ុយ ក្រែននៅតែអាច ឈ្នះសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

សង្ក្រាមអ៊ុយក្រែនខណៈឈានចូលក្នុងឆ្នាំទីបីទៅហើយនេះ បានបង្ហាញភាពវិវត្តន៍ក្នុងភាព មិនទាន់ប្រាកដប្រជា និងមិនអាចមានការព្យាករណ៍ពីអនាគតថា តើជ័យជំនះ នឹងត្រូវធ្លាក់មក លើភាគីណាមួយពិតប្រាកដឡើយ។ ឆ្នាំ២០២៣ ដែលមានក្តីរំពឹងថា អ៊ុយក្រែនអាចមាន ឱកាសវាយបង្ខំឱ្យរុស្ស៊ីចូលតុចរចា តាមរយៈយុទ្ធនាការវាយលុករដូវប្រាំង Counter Offensive នោះ បានកន្លងហួសទៅដោយអ៊ុយក្រែនមិនអាចធ្វើកិច្ចការនោះបានឡើយ។

នាចុងឆ្នាំ ២០២៣ ខណៈអ៊ុយក្រែនបានត្អូញត្អែរការខ្វះគ្រាប់រំសេវ, រុស្ស៊ីបានវាយដណ្តើមយកទឹកដីបាន មួយចំនួនថែមទៀត។ ក្រុមបស្ចឹមប្រទេសដែលសន្យា ផ្តល់គ្រាប់បាញ់ផ្លោង ១៥៥មីលីម៉ែត្រ ចំនួន១លានគ្រាប់ ដល់អ៊ុយក្រែន បានផ្តល់ត្រឹមតែពាក់កណ្តាល…ចំណែកការសន្យាជំនួយពីសហរដ្ឋអាមេរិក បែរជាត្រូវរង់ចាំពេលយូររហូតដល់៦ខែ ទើបមានការអនុម័តកញ្ចប់ជំនួយ យោធានោះជាចុងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិអាមរិកលោក ឡយ អូស្ទីន បានថ្លែងពិភពលោកប្តេជ្ញាថានឹងបន្តជួយ អ៊ុយក្រែនដោយមិនឱ្យរុស្ស៊ីអាចយកជ័យ ជំនះបានឡើយ។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានថ្លែងថា «ប្រសិនណាបើលោកពូទីន ឈ្នះសង្គ្រាមនៅអ៊ុយក្រែន ផលវិបាកសន្តិសុខ ពិតជាមានភាពលំបាកធ្ងន់ធ្ងរ និងប៉ះពាល់ដល់ សកលលោក។ ទ្វីបអឺរ៉ុបនឹងប្រឈមការគំរាមកំហែងសន្តិសុខ ដែលគេមិនធ្លាប់ជួបប្រទះ ក្នុងជីវិត។ ដូចប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកត់សម្គាល់ថា រុស្ស៊ីនឹងមិនបញ្ចប់ ត្រឹមតែសង្គ្រាមនៅអ៊ុយក្រែនប៉ុណ្ណោះទេ។ ប្រសិនបើវិមានក្រឹមឡាំងមានផ្លូវរបស់គេធ្វើ ដំណើរទៅខាងមុខហើយ…ប្រសិនបើសង្គ្រាមឈ្លានពានរបស់លោក ពូទីន មានជ័យជំនះ នោះគ្រប់មេដឹកនាំផ្តាច់ការនៅលើពិភពលោកនេះ នឹងត្រូវយកវិធីនេះធ្វើជាគំរូមិនខានឡើយ»។

ក្រុមអ្នកតាមដានស្ថានការណ៍សឹកសង្គ្រាម បានថ្លែងថាការធ្វើសង្គ្រាមដោយផ្អែកលើ ការផ្តល់ជំនួយបន្តក់ម្តងបន្តិចៗពីសហរដ្ឋអាមេរិក និងក្រុមបស្ចឹមប្រទេសនេះ មិនមែនជាមធ្យោបាយ ធ្វើឱ្យអ៊ុយក្រែនអាចយកឈ្នះសង្គ្រាមលើរុស្ស៊ី បានឡើយ។ អ៊ុយក្រែន បានធ្វើសឹកលើ សង្គ្រាមប្រឆាំងនឹងរុស្ស៊ី មានរយៈពេលជិត៨០០ថ្ងៃមកហើយ ប៉ុន្តែការធ្វើសង្គ្រាម តាមរយៈមានជំនួយតិចបាញ់តិច…មានជំនួយច្រើនបាញ់ច្រើន មិនទៀងទាត់នេះ ត្រូវគេរំពឹងថាមិនអាចធ្វើឱ្យអ៊ុយក្រែនយកឈ្នះលើ សង្គ្រាមប្រឆាំងនឹងរុស្ស៊ី បានឡើយ។ ក្តីរំពឹងមួយទៀតដែលគិតថា អ៊ុយក្រែននឹងអាចមានប្រៀបលើរុស្ស៊ី ឬរុស្ស៊ីមិនអាចបៀតបៀន ដល់អ៊ុយក្រែនបានជាបន្តទៀតនោះ គឹនឹងរំពឹងលើការជួយរបស់បស្ចឹម ប្រទេសនាំអ៊ុយក្រែន ក្លាយជាសមាជិករបស់អង្គការណាតូ។ បើសិនជាអ៊ុយក្រែននឹងក្លាយជា សមាជិកអង្គការណាតូ ប្រទេសក្នុងអង្គការសម្ព័ន្ធអត្លង់ទិកខាងជើង នឹងមានកាតព្វកិច្ចត្រូវរួមគ្នា ធ្វើសង្គ្រាមដោយ ផ្ទាល់ជាមួយនឹងប្រទេសរុស្ស៊ី ជាមិនខានយោងតាមមាត្រា៥ នៃធម្មនុញ្ញរបស់អង្គការណាតូ។

លោក Jens Stoltenberg បានថ្លែងកាលពីថ្ងៃទី២៩មេសាថាអ៊ុយក្រែននាវេលាថ្ងៃណាមួយគង់ នឹងក្លាយជាសមាជិករបស់ អង្គការណាតូ ជាមិនខានឡើយ។ ប៉ុន្តែថ្ងៃណាមួយនោះ ដែលអ៊ុយក្រែនរង់ចាំ នៅមិនទាន់បានលេចចេញជា ស្រមោលនៅឡើយទេ។ អង្គការណាតូគ្រោង នឹងបើកកិច្ចប្រជុំកំពូលរបស់ខ្លួននៅក្នុង រដ្ឋធានីវ៉ាស្ហ៊ីនតោនសហរដ្ឋអាមេរិក នាខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា តើកិច្ចប្រជុំកំពូលអង្គការណាតូ រៀបចំធ្វើនៅក្នុងសហរដ្ឋអាមេរិកខាងមុខនេះ នឹងអញ្ជើញប្រទេសអ៊ុយក្រែន ជាផ្លូវការ ដែរឬយ៉ាងណានោះឡើយ៕