(កៀវ)៖ អ្នកនាំពាក្យរបស់កម្លាំងសន្តិសុខព្រំដែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បុរសអ៊ុយក្រែនប្រហែល ៣០នាក់បានស្លាប់ ក្នុងពេលព្យាយាមឆ្លងដែនខុសច្បាប់ ដើម្បីគេចចេញពីការចូលរួមប្រយុទ្ធនៅសមរភូមិជាមួយរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ ២០២៤។

លោក Andriy Demchenko បានិយាយថា អ្នកខ្លះបានបាត់បង់ជីវិត នៅពេលព្យាយាមឆ្លងព្រំដែនកាត់តាមភ្នំ ឬទន្លេ។ សរុបមក ចាប់តាំងពីផ្ទុះសង្រ្គាមឡើង មនុស្សប្រហែល ៣០នាក់បានសម្លាប់ ដោយសារតែការប៉ុនប៉ងឆ្លងដែនខុសច្បាប់។ ក្នុងចំណោមនោះ បុរស ២៤នាក់បានស្លាប់នៅពេលព្យាយាមឆ្លងទន្លេ Tisa របស់អ៊ុយក្រែនជាប់ព្រំដែនជាមួយប្រទេសរ៉ូម៉ានី។ នៅដើមដំបូងនៃសង្រ្គាម ឆ្មាំព្រំដែនបានរកឃើញក្រុមឧក្រិដ្ឋជនប្រហែល ៤៥០នាក់ ដែលបានប៉ុនប៉ងរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែន។ កាលពីដើមខែមេសា បុរស ១០នាក់ក្នុងមួយថ្ងៃ ត្រូវបានរារាំងពីការព្យាយាមឆ្លងដែនខុសច្បាប់ ចេញេពីអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អ៊ុយក្រែន បានដាក់ចេញនូវការផ្អាកសេវាកម្មកុងស៊ុលសម្រាប់បុរស ដែលគ្រប់អាយុបម្រើយោធា រហូតដល់ថ្ងៃទី១៨ ខែឧសភា ដោយរិះគន់ជនជាតិអ៊ុយក្រែននៅបរទេសថា រង់ចាំតែទទួលបានជំនួយពីរដ្ឋ តែមិនជួយប្រយុទ្ធការពារប្រទេស ក្នុងសង្គ្រាមប្រឆាំងរុស្ស៉ី៕