(ឌូស្ហាន់បេ)៖ ក្រសួងការបរទេសតាហ្ស៉ីគីស្ថាន បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីសម្តែងការតវ៉ាជុំវិញ អ្វីដែលខ្លួនចាត់ទុកថា មានការប្រព្រឹត្តមិនស្មើភាពមកលើប្រជាជនរបស់ខ្លួន ពីសំណាក់ទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ៣០ ខែមេសា ឆ្នាំ ២០២៤។

ទោះជាមិនបានលើកឡើងនិយាយអំពីការចាប់ខ្លួនបុរសច្រើននាក់ ដែលរុស្ស៉ីថាមកពីតាហ្ស៉ីគីស្ថាន ការវាយប្រហារភេវរកម្ម លើសាលប្រគុំតន្ត្រីនៅជារដ្ឋធានីមូស្គូ កាលពីថ្ងៃទី២២ ខែមីនា ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការបរទេសតាហ្ស៉ីគីស្ថាន បានឱ្យដឹងថា ប្រជាជនតាហ្ស៉ីគីស្ថានជិត ១,០០០នាក់ដែលព្យាយាមចូលក្នុងប្រទេសរុស្ស៉ី ត្រូវបានជាប់គាំងក្នុងព្រលានយន្តហោះ Vnukovo ចាប់តាំងពីថ្ងៃទី២៧ ខែមេសាមក «ដោយគ្មានការផ្តល់លក្ខខណ្ឌអនាម័យ សមស្របដល់ពួកគេ»។

ក្រសួងការបរទេសតាហ្ស៉ីគីស្ថាន បានឱ្យដឹងបន្ថែមថា ជនជាតិតាហ្ស៉ីគីស្ថានតាជីគី ២៧នាក់ត្រូវបាននិរទេស ហើយ ៣០៦នាក់ទៀត ត្រូវបានដាក់ក្នុងបញ្ជីអ្នកដែលត្រូវនិរទេសខ្លួនចេញពីរុស្ស៉ី។ វិធានការរឹតបន្តឹងបែបនេះ អនុវត្តចំពោះតែពលរដ្ឋតាហ្ស៉ីគីស្ថានប៉ុណ្ណោះ ខណៈដែលជនជាតិតាហ្ស៉ីគីស្ថានរាប់សិបនាក់ ក៏បានជាប់គាំងនៅក្នុងអាកាសយានដ្ឋានផ្សេងទៀត ក្នុងទីក្រុងមូស្គូផងដែរ។

នេះជាការបង្ហាញភាពមិនពេញចិត្តដ៏កម្ររបស់តាហ្ស៉ីគីស្ថាន ដែលជាសម្ព័ន្ធក្រោយសម័យសូវៀតរបស់រុស្ស៉ី។ បើតាម លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី រឹតបន្តឹងការគ្រប់គ្រងនៅតាមព្រំដែនជាបណ្ដោះអាសន្ននេះ គឺដើម្បីទប់ស្កាត់អំពើភេរវកម្ម ប៉ុន្តែកំពុងដោះស្រាយបញ្ហាពន្យារពេលយូរ នៅឯព្រំដែន។

គួរបញ្ជាក់ថា តាហ្ស៉ីគីស្ថាន គឺជាសមាជិកនៃប្លុកសន្តិសុខ និងពាណិជ្ជកម្មដែលដឹកនាំដោយរុស្ស៉ី ហើយមានមូលដ្ឋានទ័ពរុស្ស៉ី នៅក្នុងប្រទេស។ សម្រាប់សេដ្ឋកិច្ចវិញ ក៏មានការផ្អែកខ្លាំងលើការផ្ទេរប្រាក់ ពីពលករចំណាកស្រុកតាហ្ស៉ីគីស្ថានជាង ១លាននាក់ ដែលកំពុងធ្វើការនៅរុស្ស៉ី៕