(បាងកក)៖ អាជ្ញាធរផ្នែកថាមពលថៃ បានឱ្យដឹងថា ការប្រើប្រាស់អគ្គិសនីប្រចាំថ្ងៃ នៅក្នុងប្រទេសអាស៊ានមួយនេះ បានកើនឡើងដល់កម្រិតដ៏ខ្ពស់បំផុតមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ គឺ៣៦,៧០០មេហ្កាវ៉ាត់ នៅពេលសីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេស ស្ថិតក្នុងកម្រិតចន្លោះ ៣៥-៣៨អង្សាសេ ហើយខ្ពស់បំផុត៤២អង្សាសេ ខណៈសន្ទស្សន៍កម្តៅនៅទីក្រុងបាងកកវិញ បានកើនដល់៥២អង្សាសេ ដែលជាកម្រិតដ៏គ្រោះថ្នាក់មួយ។ សន្ទស្សន៍កម្តៅ គឺជាការស្ទង់សីតុណ្ហភាព ដោយគិតបញ្ចូលទាំងភាពសំណើម កម្តៅខ្យល់ និងកត្តាមួយចំនួនទៀត ដើម្បីវាស់កម្រិតភាពក្តៅជាក់ស្តែង ដែលខ្លួនប្រាណមនុស្សយើង ត្រូវប្រឈម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Bangkok Post នាថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤។
តម្រូវការនៃការប្រើប្រាស់ថាមពលខាងលើ ខ្ពស់ជាងគេកំណត់ត្រាចាស់ កាលពីថ្ងៃទី២៧ ខែមេសា ដែលអត្រាប្រើប្រាស់អគ្គិសនី បានឡើងដល់កម្រិត ៣៦,៣៥៦មេហ្កាវ៉ាត់។ គិតចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំនេះមក ជាពេលដែលការប្រើប្រាស់ថាមពល ត្រូវបានកត់ត្រាក្នុងកម្រិតថ្មីមួយគឺ៣០,៩៨៩មេហ្កាវ៉ាត់ អាកាសធាតុក្តៅ បានជំរុញឱ្យតម្រូវការប្រើប្រាស់ថាមពល នៅក្នុងប្រទេសថៃ បន្តកើនឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មីៗ ជាបន្តបន្ទាប់ សរុបចំនួន៩លើក។ បើតាមអាជ្ញាធរថៃ ការប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងប្រទេសអាស៊ានមួយនេះ នៅក្រៅរដូវក្តៅ គឺជាទូទៅមិនដល់៣០,០០០មេហ្កាវ៉ាត់ឡើយ ក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា បណ្តាប្រទេសជាច្រើន កំពុងតែទទួលរងការកើនឡើងកម្តៅខ្លាំងនៅក្នុងឆ្នាំនេះ ដោយសារតែឥទ្ធិពលនៃបាតុភូតអាកាសធាតុ El Nino។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលថៃ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ មនុស្សយ៉ាងហោច៣០នាក់ហើយ បានបាត់បង់ជីវិតដោយសារតែកម្តៅក្តៅខ្លាំង៕