(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២៩ ខែមេសានេះបាននិយាយថាខ្លួនប្រឆាំងជំទាស់ការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC លើ ទង្វើរបស់អ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ខណៈមានសេចក្ដីរាយការណ៍ជុំវិញការព្រួយបារម្ភរបស់ក្រុមមន្ត្រីអ៉ីស្រាអែលថាតុលាការមួយមូលដ្ឋានក្នុងទីក្រុងឡាអេ មួយនេះអាចនឹងចេញដីកាចាប់ខ្លួនក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការបញ្ចេញប្រតិកម្មរបស់សេតវិមាន កើតមានឡើងក្រោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានរាយការណ៍ថាបានលើកឡើងពី បញ្ហានេះជាមួយលោកប្រធានាធិបតី ចូ បៃដិន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីចុងសប្ដាហ៍កន្លងទៅ។ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានគូសបញ្ជាក់ដូច្នេះថា «យើងបានបញ្ជាក់ច្បាស់ៗរួចហើយពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់ ICC ថា យើងមិនគាំទ្រការស៊ើបអង្កេតនោះទេ។ យើងមិនជឿឡើយថាពួកគេមានយុត្តាធិការ»។ ប៉ុន្តែ លោកស្រី Jean-Pierre មិនបានទទួលស្គាល់លើរបាយការណ៍របស់ សារព័ត៌មាន Axios ដែលបានចុះផ្សាយថាលោក ណេតាន់យ៉ាហ៊ូ បានស្នើសុំលោក ចូ បៃដិន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ទៅ ឱ្យជួយរារាំងកុំឱ្យតុលាការ ICC ចេញដីកាចាប់ខ្លួនក្រុមមន្ត្រីអ៉ីស្រាអែល។

គួរបញ្ជាក់ថា កាសែតអាមេរិក New York Times ថ្មីៗនេះបានស្រង់សម្ដីក្រុមមន្ត្រីអ៉ីស្រាអែលដែលបាននិយាយថាលោក ណេតាន់យ៉ាហ៊ូ អាចនឹងស្ថិតនៅក្នុង ចំណោមអ្នកដែលនឹងត្រូវបានតុលាការ ICC ចេញដីកាចាប់ខ្លួន រួមជាមួយមេដឹកនាំក្រុមហាម៉ាសផងដែរ ទាក់ទិននឹងសង្រ្គាមក្នុងតំបន់ហ្កាហ្សាដែលមានការចោទ ប្រកាន់ជាច្រើនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាម។ កន្លងមក ICC ក៏បានចេញដីកាចាប់ខ្លួនមេដឹកនាំប្រទេសមួយចំនួនផងដែរ ក្នុងនោះថ្មីចុងក្រោយបំផុតគឺលោក វ្ល៉ាឌីមៀ ពូទីន ជុំវិញសង្រ្គាមនៅអ៊ុយក្រែន៕