(រីយ៉ាទ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញឱ្យក្រុមហាម៉ាស់ ទទួលយកយ៉ាងឆាប់រហ័ស នូវលក្ខខណ្ឌបទឈប់បាញ់ចុងក្រោយរបស់អ៊ីស្រាអែល នៅហ្គាហ្សា ដែលលោកបានពិពណ៌នាថាវា ជាសំណើរ «ដ៏មានចិត្តទូលាយបំផុត»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
ក្រុមអ្នកចរចារបស់ក្រុមហាម៉ាស់ នៅថ្ងៃចន្ទនេះគ្រោងនឹងជួបជាមួយអ្នកសម្រុះសម្រួលពីកាតា និងអេហ្ស៊ីប ដើម្បីឆ្លើយតបទៅនឹងសំណើបទឈប់បាញ់បណ្តោះអាសន្នរបស់អ៊ីស្រាអែល។ នេះកើតឡើង ចំពេលមានការគំរាមកំហែងវាយប្រហាររបស់អ៊ីស្រាអែល ដែលអាចកើតមានលើទីក្រុង Rafah ភាគខាងត្បូងតាមបណ្តោយព្រំដែន។
លោក Blinken និយាយថា ក្រុមហាម៉ាសគឺជាឧបសគ្គចម្បងក្នុងការសម្រេចបានបទឈប់បាញ់ ហើយបង្ហាញក្តីសង្ឃឹមថា ពួកគេនឹងធ្វើការសម្រេចចិត្តត្រឹមត្រូវយ៉ាងឆាប់រហ័ស។
លោកបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំពិសេស នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលធ្វើឡើងនៅក្នុងរដ្ឋធានីរីយ៉ាទរបស់អារ៉ាប៊ីសាអូឌីត យ៉ាងដូច្នេះថា «រឿងតែមួយគត់ដែលឈរនៅចន្លោះប្រជាជនហ្គាហ្សា និងបទឈប់បាញ់ គឺក្រុមហាម៉ាស»។ លោកបានបន្ថែមថា «ខ្ញុំសង្ឃឹមថាពួកគេធ្វើការសម្រេចចិត្តត្រឹមត្រូវ»។
យោងតាមប្រភពដែលដឹងពីការពិភាក្សា សំណើរបស់អ៊ីស្រាអែលរួមមាន ការដោះលែងចំណាប់ខ្មាំងប្រមាណជិត ៤០ នាក់ក្នុងចំណោមចំណាប់ខ្មាំងប្រហែល ១៣០ នាក់ជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនដែលជាប់ឃុំ នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។ លើសពីនេះទៀត សំណើនេះរួមបញ្ចូលទាំងដំណាក់កាលទីពីរនៃបទឈប់បាញ់ ដែលកំណត់ដោយ «រយៈពេលនៃភាពស្ងប់ស្ងាត់ប្រកបដោយនិរន្តរភាព» ដែលសំដៅលើការអំពាវនាវរបស់ពួកហាម៉ាស សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍។
គួរជម្រាបថា លោក Blinken ដែលបច្ចុប្បន្នស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានសង្កត់ធ្ងន់លើការប្រឆាំងរបស់សហរដ្ឋអាមេរិក ចំពោះការវាយប្រហារតាមផ្លូវគោក របស់អ៊ីស្រាអែលលើក្រុង Rafah ដោយគ្មានផែនការការពារជនស៊ីវិល។ លោកក៏បានចង្អុលបង្ហាញដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលមានប្រក្រតីភាព ដែលបានរងផលប៉ះពាល់ដោយជម្លោះនៅហ្គាហ្សា។ លោក Blinken គូសបញ្ជាក់ថា ដំណើរឆ្ពោះទៅរកភាពប្រក្រតី ទាមទារភាពស្ងប់ស្ងាត់នៅក្នុងតំបន់ហ្គាហ្សា និងផ្លូវដែលអាចទុកចិត្តបានទៅកាន់ការបង្កើតរដ្ឋប៉ាឡេស្ទីន៕