(ហ្គាហ្សា)៖ អ៊ីស្រាអែល កំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចេញដីកាចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល និងមន្ត្រីយោធារបស់ខ្លួន ទាក់ទងនឹងការជាប់ពាក់ព័ន្ធក្នុងជម្លោះជាមួយក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
តុលា ICC កំពុងស៊ើបអង្កេតទាំងការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាស និងការឆ្លើយតបផ្នែកយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលបានបន្តអស់រយៈពេលប្រាំពីរខែ។
ជាការឆ្លើយតបទៅនឹងរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលដែលថា តុលាការ ICC អាចនឹងចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងយោធាអ៊ីស្រាអែលនាពេលឆាប់ៗនេះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Katz កាលពីថ្ងៃអាទិត្យ បានក្រើនរំលឹកដល់ស្ថានទូតអ៊ីស្រាអែល ឱ្យពង្រឹងសន្តិសុខរបស់ពួកគេ ដោយព្រមានពីហានិភ័យនៃ «រលកនៃការប្រឆាំងសាសនាដ៏ធ្ងន់ធ្ងរ»។
លោក Katz បាននិយាយថា «យើងរំពឹងថាតុលាការ (ICC) នឹងបដិសេធមិនចេញដីកាចាប់ខ្លួន ប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ផ្នែកនយោបាយ និងសន្តិសុខអ៊ីស្រាអែលទេ»។ ប៉ុន្តែលោកបានបន្ថែមថា «យើងនឹងមិនឱនក្បាលទេ យើងនឹងមិនត្រូវបានរារាំងទេ ហើយយើងនឹងបន្តប្រយុទ្ធ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃសុក្រថា ការសម្រេចចិត្តណាមួយរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នឹងមិនប៉ះពាល់ដល់សកម្មភាពរបស់អ៊ីស្រាអែលទេ ប៉ុន្តែនឹងកំណត់ជាគំរូដ៏គ្រោះថ្នាក់មួយ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា មន្ត្រីអ៊ីស្រាអែលមានការព្រួយបារម្ភថា តុលាការអាចនឹងចេញដីកាចាប់ខ្លួនលោក Netanyahu និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ជុំវិញការចោទប្រកាន់ថាបានរំលោភច្បាប់មនុស្សធម៌អន្តរជាតិនៅក្នុងតំបន់ហ្គាហ្សា។
ប្រភពដដែលក៏បានឱ្យដឹងដែរថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏កំពុងពិចារណាចេញដីកាចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាស់ផងដែរ។
គួរជម្រាបថា អ៊ីស្រាអែលមិនមែនជាសមាជិករបស់តុលាការនេះទ ហើយមិនទទួលស្គាល់យុត្តាធិការរបស់វាដែរ ប៉ុន្តែទឹកដីប៉ាឡេស្ទីនត្រូវបានទទួលយកជារដ្ឋសមាជិកក្នុងឆ្នាំ ២០១៥ ។ កាលពីខែតុលា រដ្ឋអាជ្ញា ICC លោក Karim Khan បាននិយាយថា តុលាការមានយុត្តាធិការលើឧក្រិដ្ឋកម្មសង្គ្រាម ដែលអាចកើតមានដោយពួកយុទ្ធជនហាម៉ាសនៅអ៊ីស្រាអែល និងកងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប៕