(ណៃពិដោ)៖ អាជ្ញាធរមីយ៉ាន់ម៉ា បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសមីយ៉ាន់ម៉ា បានកត់ត្រាសីតុណ្ហភាពក្តៅបំផុតប្រចាំខែមេសា គឺរហូតដល់៤៨.២អង្សាសេ ចំពោះមុខការវាយលុកពីរលកកម្តៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤។
ទីភ្នាក់ងារឧតុនិយមមីយ៉ាន់ម៉ា បានរាយការណ៍ឱ្យដឹងថា សីតុណ្ហភាពបានកើនដល់៤៨.២អង្សាសេ នៅក្រុង Chauk នៃតំបន់ Magway ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ វាគឺជាសីតុណ្ហភាពខ្ពស់បំផុតប្រចាំក្នុងខែមេសា ដែលពីមុនមកមិនធ្លាប់ត្រូវបានកត់ត្រា នៅប្រទេសមីយ៉ាន់ម៉ាឡើយ ចាប់តាំងពីការធ្វើកំណត់ត្រាបានចាប់ផ្តើម កាលពី៥៦ឆ្នាំមុន។ ក្នុងថ្ងៃដដែលនេះ សីតុណ្ហភាពនៅទីក្រុង Yangon ស្ថិតក្នុងកម្រិត៤០អង្សាសេ ហើយនៅទីក្រុង Mandalay ៤៤អង្សាសេ។
គួរបញ្ជាក់ថា សីតុណ្ហភាពសកល បានកើនឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មី កាលពីឆ្នាំ២០២៣ ហើយអង្គការឧតុនិយមពិភពលោករបស់ អង្គការសហប្រជាជាតិ បានព្រមានថា នៅតំបន់អាស៉ីជាពិសេស កំពុងទទួលរងការកើនឡើងកម្តៅយ៉ាងឆាប់រហ័ស ដោយឥទ្ធិពលនៃរលកកម្តៅនៅក្នុងតំបន់នេះ កាន់តែមានសភាពធ្ងន់ធ្ងរឡើង។ របាយការណ៍ស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្ត បានរកឃើញថា ការប្រែប្រួលអាកាសធាតុពិភពលោក ជាកត្តាដែលជំរុញឱ្យរលកកម្តៅ កាន់តែមានរយៈពេលយូរ កាន់តែញឹកញាប់ និងកាន់តែមានឥទ្ធិពល។ ក្រៅពីមីយ៉ាន់ម៉ា ប្រទេសក្នុងតំបន់ដទៃទៀត ដូចជាហ្វីលីពីន និងថៃ ជាដើម ក៏កំពុងជួបប្រទះការកើនឡើងសីតុណ្ហភាពខ្ពស់ ផងដែរ៕