(ហ្គាហ្សា)៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយនៅថ្ងៃអាទិត្យនេះថា មានតែសហរដ្ឋអាមេរិកទេដែលមានអំណាចក្នុងការរារាំងអ៊ីស្រាអែល ពីការវាយប្រហារលើទីក្រុង Rafah ខណៈលោករំពឹងទុកថា នឹងមានការវាយប្រហារដែលកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
លោក Abbas បានប្រាប់កិច្ចប្រជុំពិសេស នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត យ៉ាងដូច្នេះថា «យើងអំពាវនាវឱ្យសហរដ្ឋអាមេរិក ទាមទារឱ្យអ៊ីស្រាអែលកុំបន្តការវាយប្រហារទីក្រុង Rafah តទៅទៀត។ អាមេរិកគឺជាប្រទេសតែមួយគត់ ដែលមានសមត្ថភាពរារាំងអ៊ីស្រាអែលពីការប្រព្រឹត្តឧក្រិដ្ឋកម្មនេះ»។
អ៊ីស្រាអែល ដែលបាននិងកំពុងគំរាមចាប់ផ្តើមការវាយប្រហារពេញលេញលើតំបន់ហ្គាហ្សា ក្នុងគោលបំណងកម្ចាត់កងកម្លាំងដែលនៅសេសសល់របស់ក្រុមហាម៉ាសនៅទីនោះ បានបង្កើនការវាយប្រហារតាមអាកាសលើក្រុង Rafah កាលពីសប្តាហ៍មុន។ ប្រទេសលោកខាងលិច រួមទាំងសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានជំរុញឱ្យមានការអត់ធ្មត់ ដោយអង្វរអ៊ីស្រាអែលកុំឱ្យវាយប្រហារទីក្រុងភាគខាងត្បូងមួយនេះ។
លោក Abbas បានសង្កត់ធ្ងន់ថា ក្តីបារម្ភដែលជិតមកដល់គឺជាការវាយប្រហារដែលអាចកើតឡើងរបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah ខណៈដែលបច្ចុប្បន្នវាដើរតួជាចំណុចប្រមូលផ្តុំ សម្រាប់ប្រជាជនប៉ាឡេស្ទីនទាំងអស់មកពីតំបន់ហ្គាហ្សា។ ទន្ទឹមគ្នានេះ លោកក៏បានព្រមានដែរថា សូម្បីតែការវាយប្រហារតិចតួចលើទីក្រុងនេះ ក៏អាចបង្ខំប្រជាជនប៉ាឡេស្ទីនឱ្យភៀសខ្លួនចេញពីតំបន់ហ្គាហ្សាស្ទ្រីបផងដែរ ដែលលោកបានហៅថាជា «មហន្តរាយដ៏ធំបំផុត» នៅក្នុងប្រវត្តិសាស្ត្រប៉ាឡេស្ទីន។
លើសពីនេះ លោក Abbas បានបញ្ជាក់ជាថ្មីពីការប្រឆាំងរបស់លោក ចំពោះការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនចូលទៅក្នុងហ្ស៊កដានី និងអេហ្ស៊ីប។ លោកបានសម្តែងការព្រួយបារម្ភថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្កាហ្សា អ៊ីស្រាអែលអាចនឹងព្យាយាមបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ West Bank ចូលក្នុងប្រទេសហ្ស៊កដានីទៀតផង។
គួរជម្រាបថា អ៊ីស្រាអែលបានបើកការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាសបានដឹកនាំការវាយប្រហារលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលអ៊ីស្រាអែលបាននិយាយថា បានសម្លាប់មនុស្ស ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំង ២៥៣ នាក់។
យោងតាមក្រសួងសុខាភិបាល Gaza ប្រជាជនប៉ាឡេស្ទីនជាង ៣៤,០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលនោះមក ហើយប្រជាជនភាគច្រើនត្រូវបានផ្លាស់ទីលំនៅ៕