(តៃប៉ិ)៖ តៃវ៉ាន់បានរាយការណ៍អំពី ការធ្វើសកម្មភាពជាថ្មីរបស់យោធាចិន នៅក្បែរដែនកោះខ្លួន នាថ្ងៃសៅរ៍នេះ ដោយយន្តហោះ១២គ្រឿង បានហោះឆ្លងខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ពោលគឺមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានបញ្ចប់ការបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤។
សហរដ្ឋអាមេរិក គឺជាខ្នងបង្អែកលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុត របស់កោះតៃវ៉ាន់ បើទោះបីភាគីទាំងពីរ មិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ លោក Blinken បាននិយាយថា រូបលោកបានសង្កត់ធ្ងន់ អំពីសារសំខាន់ជាខ្លាំងនៃការរក្សាសន្តិភាព និងស្ថិរភាពនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ អំឡុងដំណើរទស្សនកិច្ច នៅឯប្រទេសចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់បាននិងកំពុងប្រឈមសម្ពាធកាន់តែខ្លាំងឡើងៗ ទាំងផ្នែកនយោបាយនិងយោធា ពីសំណាក់ទីក្រុងប៉េកាំង ដែលចាត់ទុកដែនកោះនេះ ជាទឹកដីរបស់ប្រទេសចិន។
ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា គិតចាប់តាំងពីម៉ោង៩៖៣០នាទីព្រឹកថ្ងៃសៅរ៍នេះ ខ្លួនបានប្រទះឃើញ យន្តហោះយោធាចិនសរុប២២គ្រឿង រួមមានទាំងយន្តហោះចម្បាំងប្រភេទ Su-30 ហើយក្នុងចំណោមនោះ ១២គ្រឿងបានហោះឆ្លងខ្សែបន្ទាត់មេដ្យាន ឆ្ពោះមកភាគខាងជើងនិងភាគកណ្តាលនៃកោះតៃវ៉ាន់។ ខ្សែបន្ទាត់នេះ ពីមុនមកធ្លាប់បម្រើជាព្រំប្រទល់ក្រៅផ្លូវការ រវាងភាគីទាំងពីរ ប៉ុន្តែឥឡូវកងទ័ពអាកាសរបស់ចិន បានចល័តយន្តហោះឱ្យហោះឆ្លងជាប្រចាំ ខណៈទីក្រុងប៉េកាំងថា ខ្លួនមិនទទួលស្គាល់ខ្សែបន្ទាត់នេះឡើយ។
គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ ជាបញ្ហាស្នូលសំខាន់បំផុត នៅក្នុងទំនាក់ទំនងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ហើយទីក្រុងប៉េកាំង បានបន្តទាមទារម្តងហើយម្តងទៀត ឱ្យទីក្រុងវ៉ាស៉ីនតោនបញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់៕