(ហ្គាហ្សា)៖ មន្ត្រីម្នាក់បានឱ្យដឹងថា នៅថ្ងៃសុក្រនេះគណៈប្រតិភូអេហ្ស៊ីប បានជួបជាមួយសមភាគីអ៊ីស្រាអែល ដើម្បីស្វែងរកជម្រើសសម្រាប់ការបន្តការចរចា ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា និងធានាការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា អ៊ីស្រាអែលមិនបានបង្ហាញសំណើថ្មីណាមួយទេ ប៉ុន្តែបើកចំហរដើម្បីពិចារណាបទឈប់បាញ់ដែលមានកម្រិត ដោយមានលក្ខខណ្ឌថា ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង ៣៣ នាក់ជំនួសឱ្យការពិភាក្សាពីលើកមុន ៤០នាក់។
កិច្ចពិភាក្សានេះ មិនពាក់ព័ន្ធនឹងការចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ទាក់ទងនឹងចំណាប់ខ្មាំងនោះទេ ប៉ុន្តែជាការប៉ុនប៉ងរបស់អេហ្ស៊ីប ដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញ ជាមួយនឹងសំណើរបស់អេហ្ស៊ីប ដែលនឹងតម្រូវឱ្យមានការដោះលែងចំណាប់ខ្មាំងចំនួន ៣៣ នាក់ ដែលរួមមានស្ត្រី ចាស់ជរា និងពិការជាដើម។
ការប៉ាន់ប្រមាណរបស់ស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែលបានបង្ហាញថា មានចំណាប់ខ្មាំងស្ត្រី ចាស់ជរា និងអ្នកជំងឺចំនួន ៣៣ នាក់ក្នុងចំណោមបុគ្គល ១៣៣ នាក់ ត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា។
រយៈពេលនៃបទឈប់បាញ់ដែលអាចឡើងណាមួយ មិនត្រូវបានកំណត់ទេ ប៉ុន្តែវាត្រូវបានសង្កត់ធ្ងន់ថា ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ការបញ្ឈប់អរិភាពទំនងជាមានរយៈពេល តិចជាងប្រាំមួយសប្តាហ៍។
គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអេហ្ស៊ីបនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចំនួន ១៧ ផ្សេងទៀតបានជំរុញឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលជាផ្នែកមួយនៃការដោះស្រាយវិបត្តិតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណា ក្រុមហាម៉ាសបានឆ្លើយតបដោយច្រានចោលសម្ពាធអន្តរជាតិ និងបានប្តេជ្ញាថានឹងមិនចុះញមឡើយ៕