(បែរឡាំង)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ចិនចាំបាច់ត្រូវតែឈប់គាំទ្រសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ប្រសិនបើចង់បានទំនាក់ទំនងល្អជាមួយលោកខាងលិច ហើយព្រមានថា ទីក្រុងប៉េកាំងមិនអាចក្រសោបយកទាំងពីរបានទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤។
អំឡុងទស្សនកិច្ចទៅកាន់ទីក្រុងបែរឡាំងនៃប្រទេសអាល្លឺម៉ង់ លោកប្រមុខអង្គការ NATO បានលើកឡើងថា ការគាំទ្ររបស់ទីក្រុងប៉េកាំង មានសារសំខាន់ជាខ្លាំង ចំពោះកិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងមូស្គូ ដ្បិតចិនបានជួយជ្រោមជ្រែងសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៉ី តាមរយៈការចែករំលែកបច្ចេកវិទ្យាទំនើបៗ ដូចជាបន្ទះឈីប ជាដើម។ លោក Stoltenberg បានអះអាងថា កាលពីឆ្នាំ២០២៣ រុស្ស៉ីបាននាំចូលខ្ទង់៩០ភាគរយ នៃឧបករណ៍មីក្រូអេឡិចត្រូនិចរបស់ខ្លួន ពីប្រទេសចិន ដែលត្រូវបានប្រើប្រាស់ ក្នុងការផលិតមីស៉ីល រថក្រោះ និងយន្តហោះ ជាដើម ហើយចិនក៏កំពុងជួយបង្កើនសមត្ថភាពផ្កាយរណបរបស់រុស្ស៉ី ផងដែរ។
លោក Stoltenberg បានព្រមានដូច្នេះថា «ចិននិយាយថា ចង់បានទំនាក់ទំនងល្អជាមួយលោកខាងលិច ប៉ុន្តែក្នុងពេលទន្ទឹមគ្នានោះ ទីក្រុងប៉េកាំងបន្តជួយជ្រោមជ្រែង ជម្លោះប្រដាប់អាវុធដ៏ធំបំផុតនៅអឺរ៉ុប គិតចាប់តាំងពីសម័យសង្រ្គាមលោកខាងលើកទី២។ ចិនមិនអាចមានទំនាក់ទំនងល្អជាមួយលោកខាងលិចផង ហើយបន្តគាំទ្ររុស្ស៉ីផង ក្នុងពេលជាមួយគ្នា នោះឡើយ»។
បន្ថែមពីនេះ លោកអគ្គលេខាធិការ NATO បានព្រមានក្រុមសម្ព័ន្ធមិត្តលោកខាងលិច ប្រឆាំងការពឹងផ្អែកទៅលើចិន ដូចដែលពួកគេធ្លាប់បានពឹងផ្អែកលើរុស្ស៉ី។ លោក Stoltenberg បាននិយាយដូច្នេះថា «កាលពីអតីតកាល យើងបានសាងកំហុស ដោយពឹងផ្អែកលើប្រេងនិងឧស្ម័នរបស់រុស្ស៉ី។ ដាច់ខាត ពួកយើងមិនត្រូវប្រព្រឹត្តកំហុសដូចគ្នា ជាមួយចិនឡើយ តាមរយៈការពឹងទៅលើថវិកា វត្ថុធាតុដើម និងបច្ចេកវិទ្យារបស់ចិន ជាដើម ព្រោះការពឹងផ្អែកបែបនេះ ងាយធ្វើឱ្យយើងមានចំណុចខ្សោយ»។
គួរបញ្ជាក់ថា ចិនបានរឹតបន្តឹងទំនាក់ទំនងយោធានិងពាណិជ្ជកម្មកាន់តែខ្លាំង ជាមួយរុស្ស៉ីក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មលើប្រទេសទាំងពីរ ជាពិសេសលើទីក្រុងមូស្គូ សម្រាប់សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ ទិន្នន័យពីអាជ្ញាធរគយចិន បានបង្ហាញថា ការធ្វើពាណិជ្ជកម្មចិន-រុស្ស៉ី បានកើនដល់ទំហំ ២៤០.១ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ ដែលជាកំណត់ត្រាថ្មី និងជាកំណើន២៦.៣ភាគរយ ធៀបនឹងឆ្នាំ២០២២។ រីឯការនាំចេញទំនិញចិនទៅកាន់រុស្ស៉ី បានកើន៤៦.៩ភាគរយ កាលពីឆ្នាំ២០២៣ ខណៈការនាំចូលពីរុស្ស៉ី បានកើន១៣ភាគរយ។
កាលពីខែមីនាកន្លងទៅ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នាខែឧសភាខាងមុខ ដើម្បីបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ខណៈបើជាការពិតមែន វានឹងជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោក ពូទីន នៅឯក្រៅប្រទេស ចាប់តាំងពីរូបលោកបានបន្តជាប់ឆ្នោតជាមេដឹកនាំរុស្ស៉ី សម្រាប់អាណត្តិថ្មី៕