(ហាណូយ)៖ ធនាគារ Standard Chartered បានទម្លាក់ការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៤ មកត្រឹម ៦% ពី ៦,៧% ដែលព្យាករពីមុនដោយសារកំណើនទាបជាងការរំពឹងទុកនៅត្រីមាសទី១ និងបញ្ហាពាណិជ្ជកម្មសកល។ នេះបើយោងតាមកាសែត VN Express។

កាសែត VN Express បានរាយការណ៍ថា ទោះជាយ៉ាងណា អត្រាថ្មីនេះនៅតែជាប្រសើរបើធៀបនឹងកំណើន ៥% ដែលសម្រេចបានក្នុងឆ្នាំ២០២៣។ កំណើនសេដ្ឋកិច្ចនៅត្រីមាសទី១ របស់ប្រទេសអាស៊ីអាគ្នេហ៍មួយនេះបានថមថយមកនៅត្រឹម ៥,៧% ធៀបនឹង ៦,៧% នៅត្រីមាសទី៤ ឆ្នាំ២០២៣។

ធនាគារ Standard Chartered ដែលជាធនាគារលំដាប់ពិភពលោកមួយនេះក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ផងដែរមកនៅត្រឹម ៥,៣% ធ្លាក់ចុះពី ៦,៣% និងត្រីមាសទី៣ មកនៅត្រឹម ៦%។ ប៉ុន្តែកំណើនសេដ្ឋកិច្ចនៅត្រីមាសទី៤ ត្រូវបានរំពឹងថានឹងងើបឡើងវិញដល់ ៦,៧% ។

យោងតាមកាសែត VN Express សេដ្ឋវិទូនៃធនាគារ Standard Chartered បានឱ្យដឹងនៅក្នុងរបាយការណ៍ស្ដីពីបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចដែលចេញផ្សាយនាពេលថ្មីៗនេះអំពីប្រទេសវៀតណាមថា ពាណិជ្ជកម្មដែលជាប្រភពដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងការវិនិយោគសម្រាប់វៀតណាមក៏ប្រឈមនឹងបញ្ហារយៈពេលខ្លី និងវែងផងដែរ។ ទោះជាយ៉ាងណា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់វៀតណាមនៅតែរក្សាដដែលទោះបីជាមានហានិភ័យក៏ដោយ។ កំណើនលក់រាយនៅតែរឹងមាំនៅក្នុងត្រីមាសទី១។

ធនាគារ Standard Chartered ក៏ទម្លាក់ការព្យាករអំពីអតិផរណាប្រចាំឆ្នាំ២០២៤ មកត្រឹម ៤,៣% ពី ៥,៥% ផងដែរដោយសារអតិផរណានៅត្រីមាសទី១ មានកម្រិតទាបជាងការរំពឹងទុក។ នេះបើយោងតាមកាសែត VN Express៕