(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញឱ្យប្រទេសចិនធានានូវឱកាសយុត្តិធម៌សម្រាប់ក្រុមហ៊ុនអាមេរិក ក្នុងអំឡុងពេលទស្សនកិច្ចបច្ចុប្បន្នរបស់លោកនៅប្រទេសចិន ដែលមានគោលបំណងដោះស្រាយបញ្ហាជម្លោះផ្សេងៗ ដែលអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានប្រសើរឡើងបន្តិចមកវិញនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចរបស់លោក Blinken គឺតំណាងឱ្យទំនាក់ទំនងកម្រិតខ្ពស់ចុងក្រោយបំផុតរវាងប្រទេសទាំងពីរ ដែលបានរួមចំណែកកាត់បន្ថយអរិភាពរវាងគ្នា ដែលបានឈានដល់កម្រិតដែលមិនធ្លាប់មានពីមុនមកកាលពីឆ្នាំមុន។ ទោះបីជាមានភាពតានតឹងជាប់លាប់ក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាណិជ្ជកម្ម និងទំនាក់ទំនងយោធា បានជួយសម្រួលបរិយាកាស នៃការប្រឈមមុខដាក់គ្នា។

ក្នុងអំឡុងពេលជួបជាមួយមន្ត្រីកំពូលរបស់ចិននៅទីក្រុងសៀងហៃ គឺលោក Chen Jining លោក Blinken បានសម្តែងការព្រួយបារម្ភអំពីគោលនយោបាយ និងការអនុវត្តពាណិជ្ជកម្មរបស់ចិន ដែលខុសពីគោលការណ៍ទីផ្សារ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការប្រកួតប្រជែងសេដ្ឋកិច្ចដោយយុត្តិធម៌ និងការគោរពស្មើភាពគ្នាសម្រាប់កម្មករ និងក្រុមហ៊ុនអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយផ្អែកលើគោលការណ៍ទីផ្សារអន្តរជាតិ។ លោក Wang បានអំពាវនាវឱ្យមានការគោរពគ្នាទៅវិញទៅមក ចំពោះគោលការណ៍ នៃការប្រកួតប្រជែងដោយស្មើភាព ការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។

គួរជម្រាបថា ក្នុងអំឡុងពេលនៅទីក្រុងសៀងហៃ លោក Blinken ក៏បានជួបពិភាក្សាជាមួយអ្នកដឹកនាំធុរកិច្ច និងជាមួយនិស្សិតអាមេរិក និងចិននៅបរិវេណសាកលវិទ្យាល័យញូវយ៉កក្នុងតំបន់ផងដែរ។ នាឱកាសនោះ លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃអន្តរកម្មវប្បធម៌ ដោយសង្កត់ធ្ងន់ថា វាមានសារសំខាន់សម្រាប់ការជំរុញការយល់ដឹងគ្នាទៅវិញទៅមក និងការកសាងទំនាក់ទំនងវិជ្ជមាន។ នៅសុក្រសប្តាហ៍នេះ លោកគ្រោងនឹងបន្តទៅកាន់ទីក្រុងប៉េកាំង ជាទីដែលលោកអាចនឹងជួបជាមួយសមភាគីចិន លោក Wang Yi ហើយក៏អាចជួបជាមួយប្រធានាធិបតី ស៊ី ជិនពីង ផងដែរ៕