(តៃប៉ិ)៖ មេដឹកនាំជាប់ឆ្នោតតៃវ៉ាន់ លោក Lai Ching-te នាថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា ចិនគួរតែមានភាពជឿជាក់ ក្នុងការសន្ទនាគ្នាជាមួយ រដ្ឋាភិបាលដែលជាប់ឆ្នោតដោយស្របច្បាប់របស់តៃវ៉ាន់ ក្នុងឱកាសដែលរូបលោកប្រកាសជាផ្លូវការ អំពីសមាសភាពនៃគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក មុនពេលឡើងកាន់តំណែង នាខែក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។
លោក Lai បាននិយាយដូច្នេះថា «ខ្ញុំទន្ទឹងរង់ចាំខ្លាំងណាស់ចំពោះ ពេលដែលចិនមានភាពជឿជាក់គ្រប់គ្រាន់ ដើម្បីធ្វើប្រាស័យទាក់ទង ជាមួយរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់ ដែលទទួលបានទំនុកចិត្តពីប្រជាជនតៃវ៉ាន់ ដ្បិតវាគឺជាមធ្យោបាយដ៏ត្រឹមត្រូវ សម្រាប់ការទាក់ទងគ្នារវាងត្រើយទាំងសងខាង នៃចក្រសមុទ្រតៃវ៉ាន់»។ អនាគតមេដឹកនាំតៃវ៉ាន់ថ្មីរូបនេះ បានបន្តថា ទីក្រុងប៉េកាំងនឹងមិនទទួលបានការគាំទ្រពីសាធារណជនតៃវ៉ាន់ឡើយ ប្រសិនបើមានឆន្ទៈធ្វើប្រាស្រ័យទាក់ទង តែជាមួយបក្សប្រឆាំងតៃវ៉ាន់ ដោយភ្ជាប់ជាមួយនូវបុរេលក្ខខណ្ឌនយោបាយ។ ការលើកឡើងនេះរបស់លោក Lai ហាក់ចង់សំដៅលើបក្សប្រឆាំងតៃវ៉ាន់ធំជាងគេ Kuomintang (KMT) ដែលមួយរយៈចុងក្រោយ បានបញ្ជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ជាញឹកញាប់។
គួរបញ្ជាក់ថា ទោះបីមានរដ្ឋាភិបាលដាច់ដោយឡែកក៏ដោយ តៃវ៉ាន់ត្រូវទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បានឡើយ នៃទឹកដីរបស់ប្រទេសចិន។ អំឡុងពេលប្រមាណ ៤ឆ្នាំមកនេះ ចិនបានបង្កើនការដាក់សម្ពាធជាខ្លាំង ទាំងផ្នែកនយោបាយនិងយោធាមកលើតៃវ៉ាន់។ លោក Lai ដែលបានឈ្នះការបោះឆ្នោតរើសមេដឹកនាំតៃវ៉ាន់ថ្មី កាលពីខែមករា ដើមឆ្នាំនេះ ហើយនឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែឧសភា បន្តពីលោកស្រី Tsai Ing-wen ដែលជាមេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន គឺត្រូវបានចិនចាត់ទុកជា បុគ្គលមាននិន្នាការចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់៕