(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធ ទី២៤ ខែមេសានេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ស្ដីពី កញ្ចប់ជំនួយទំហំទឹកប្រាក់រាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីឱ្យក្លាយទៅជាច្បាប់ បន្ទាប់ពីមានការអនុម័តពីសភាទាំង២របស់សហរដ្ឋអាមេរិក។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ច្បាប់ស្ដីពីកញ្ចប់ជំនួយខាងលើក្នុងនោះរួមមានជំនួយយោធា ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និង២៦ពាន់លានដុល្លារត្រូវបញ្ជូនឱ្យអ៉ីស្រាអែល ព្រមទាំង ១ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ដល់ហ្កាហ្សា និង៨ពាន់លានដុល្លារដើម្បីទប់ទល់នឹងការកើនឡើងអំណាចយោធាចិន។ ថ្លែងអំឡុងចុះហត្ថលេខា នោះដែរ លោក បៃដិន បានគូសបញ្ជាក់ថា «នេះជាការផ្ដល់ការគាំទ្រដ៏សំខាន់ដល់ដៃគូរបស់សហរដ្ឋអាមេរិក ដើម្បីឱ្យពួកគេអាចការពារខ្លួនឯងប្រឆាំងនឹង ការគំរាមកំហែងលើអធិបតេយ្យរបស់ពួកគេ»

តាមលោក បៃដិន លោកផ្ទាល់បានអនុម័តភ្លាមៗលើកញ្ចប់ជំនួយជាអាវុធទំហំ១ពាន់លានដុល្លារ ដែលនឹងចាប់ផ្ដើមបញ្ជូនទៅឱ្យអ៊ុយក្រែន ក្នុងរយៈពេលម៉ោង ខាងមុខនៅក្នុងសប្ដាហ៍តែម្ដង។ កញ្ចប់ជំនួយអាវុធនេះរួមមានរថពាសដែក មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីលប្រឆាំងយន្ដហោះចម្បាំង Stinger គ្រាប់រំសេវ សម្រាប់ប្រព័ន្ធមីស៊ីល HIMARS គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ រួមទាំងមីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin និងអាវុធដទៃទៀតដែលអាច ប្រើប្រាស់ភ្លាមៗនៅលើសមរភូមិ៕