(មូស្គូ)៖ រុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួននាប៉ុន្មានថ្ងៃនេះថែមទៀត គ្រាដែលអ៊ុយក្រែនកំពុង ទន្ទឹងរង់ចាំជំនួយយោធាពីសហរដ្ឋអាមេរិក។ ស្ថាប័នព្រឹទ្ធសភាអាមេរិកបានអនុម័តលើកញ្ចប់ សន្តិសុខជំនួយយោធាជាចុងក្រោយ និងច្បាប់ហិរញ្ញវត្ថុយោធាតម្លៃ៩៥ពាន់លានដុល្លាររួម ទាំងជំនួយ៦១ពាន់លានដល់អ៊ុយក្រែនដែរនោះ ត្រូវបានចុះហត្ថលេខានៅថ្ងៃពុធទី២៤មេសា ដើម្បីឱ្យជំនួយយោធាបានចាប់ផ្តើមបញ្ជូនមកអ៊ុយក្រែនចាប់ពីសប្តាហ៍នេះទៅ។ ទោះជាយ៉ាង ណាក៏ដោយ អ៊ុយក្រែនត្រូវគេរាយការណ៍អំពីឧបសគ្គមួយទៀត គឺការខ្វះទាហានប្រយុទ្ធលើសមរភូមិ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានថ្លែងថា រុស្ស៊ីនឹងបង្កើនការវាយប្រហារដាក់ ទៅលើកន្លែងស្តុកគ្រឿងសព្វាវុធរបស់លោកខាងលិចដែលរក្សាទុកក្នុងប្រទេសអ៊ុយក្រែន។ សម្តីព្រមានរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានទន្ទឹមនឹងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីដាក់លើក្រុង Kharkiv បានធ្វើជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ និងទន្ទឹមការបង្កើតរោងចក្រ ផលិតអាវុធមួយចំនួន បានដំណើរការសាឡើងវិញបន្ទាប់ពីសហរដ្ឋអាមេរិកបានអនុម័តលើ កញ្ចប់ជំនួយ យោធា៦១ពាន់លានមកឱ្យអ៊ុយក្រែន។
ស្ថាប័នព្រឹទ្ធសភាអាមេរិកត្រូវគេរាយការណ៍ថា បានអនុម័តជាបន្ថែមទៀតកាលពីថ្ងៃអង្គារ៍ លើ កញ្ចប់ជំនួយសន្តិសុខជាតិនោះ និងបានបញ្ជួនទៅប្រធានាធិបតីអាមេរិក ដើម្បីការចុះហត្ថលេ ខាជាចុងក្រោយ។ ការអនុម័តក្នុងស្ថាប័នព្រឹទ្ធសភានោះ មានសម្លេងគាំទ្រ៧៩ទល់នឹង១៨ សម្លេង ដែលក្នុងនោះសម្លេងគាំទ្រពីសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋមានចំនួន ១៥នាក់និងមានសម្លេងប្រឆាំងពីគណបក្សប្រជាធិបតេយ្យចំនួន៣សម្លេង។ លោកចូបៃដិន ត្រូវចុះហត្ថលេខាប្រកាសឱ្យប្រើប្រាស់ច្បាប់នេះ នៅថ្ងៃពុធទី២៤មេសា ដែលមានន័យថា ជំនួយ៦១ពាន់លានសម្រាប់អ៊ុយក្រែនក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ីជាបន្តទៀតនោះ នឹង គ្មានឧបសគ្គអ្វីរារាំងទៀតឡើយ។
លោកចូបៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមបញ្ជូនអាវុធនិងឧបករណ៍យោធា ទៅឱ្យអ៊ុយក្រែននៅក្នុងសប្តាហ៍នេះហើយ។
នៅជាមួយនឹងភ្លើងបៃតងនៃការមកដល់ជំនួយសាជាថ្មីវិញនេះ, ឧស្សាហកម្មការពារជាតិរបស់ អាល្លឺម៉ង់និងបារាំង ត្រូវគេរាយការណ៍ ការចាប់ផ្តើមបង្កើតរោងចក្រធ្វើអាវុធជាច្រើនក្នុងទឹកដីអ៊ុយក្រែន ដែលជាជំហានចាប់ផ្តើមផលិតអាវុធនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយ RIA Novosti របស់រុស្ស៊ីបាននិយាយដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ដែលបញ្ជាក់ថារុស្ស៊ី «នឹងបង្កើនការវាយប្រហារដាក់ទៅលើមជ្ឈមណ្ឌលភស្តុភារ និងមូលដ្ឋាន ផ្ទុកអាវុធរបស់លោកខាងលិច» ទាំងនោះ។
អ៊ុយក្រែនបានត្អូញត្អែរការខ្វះគ្រាប់រំសេវប្រយុទ្ធតទល់នឹងរុស្ស៊ីចាប់តាំងពីចុងឆ្នាំ២០២៣។ លទ្ធផលនៃការខ្វះគ្រាប់រំសេវ បានធ្វើឱ្យក្រុងគន្លឹះ Adiivka និងភូមិមួយចំនួនត្រូវបានធ្លាក់ចូល ក្នុងកណ្តាប់ដៃរបស់រុស្ស៊ី។ រុស្ស៊ីបានថ្លែងថាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤ ទឹកដីដែល គេបានវាយកាន់កាប់យកពីអ៊ុយក្រែនមានទំហំ៤០៣គីឡូម៉ែត្រក្រឡា។ បច្ចុប្បន្នរុស្ស៊ី បាននិង កំពុងកាន់កាប់ទឹកដីទំហំសរុប១០០ពាន់គីឡូម៉ែត្រក្រឡា ដែលស្មើនឹង១ភាគ៥នៃទឹកដីអ៊ុយ ក្រែនទាំង មួលក្នុងនោះរួម មានខេត្ត Donetsk, Kherson, Luhansk និង Zaporizhzhia និង រុស្ស៊ីកំពុងតែបន្តការវាយប្រហារដណ្តើមយកទឹកដីខ្លះទៀតពីអ៊ុយក្រែន។ ប៉ុន្តែស្ថានការណ៍ រំពឹងថានឹងអាចប្រែប្រួលវិញបន្ទាប់ពីជំនួយយោធាអាមេរិកដឹកបញ្ជួនមកដល់អ៊ុយក្រែនតាមរយៈ កញ្ចប់ជំនួយយោធា៦១ពាន់លានដុល្លារដែលជាជំនួយដ៏មហិមានេះ។
អ៊ុយក្រែន នឹងរំពឹងការទទួលបានប្រព័ន្ធអាវុធការពារដែនអាកាសជាពិសេសប្រព័ន្ធអាវុធ Patriot, មីស៊ីលបាញ់រយៈ ចម្ងាយមធ្យមនិងចម្ងាយឆ្ងាយដូចជាប្រព័ន្ធអាវុធ HIMARS, ATACMSសេរីថ្មី, រថក្រោះ, រថពាសដែក, កាំភ្លើងផ្លោង M777 howitzers និងគ្រាប់របស់វា, គ្រាប់កាំភ្លើងផ្លោង Artiellery ១៥៥មីលីម៉ែត្រ រួមនឹងយន្តហោះចម្បាំង F-16 ថែមទៀត។
បើយោងតាមសម្តីរបស់អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន លោក William Taylor លោកបានថ្លែងថា ជាមួយនឹងការទទួលបានជំនួយយោធាយ៉ាងសន្ធឹកសន្ធាប់នេះ យន្តហោះចម្បាំង F-16 នឹងអាចឃើញហោះការពារដែនអាកាសអ៊ុយក្រែនក្នុងរដូវក្តៅឆ្នាំ២០២៤ គ្រាដែលជំនួយយោធាដែលចង់បានទាំងឡាយបានស្ថិតទាំងអស់នៅលើទឹកដីអ៊ុយក្រែន និងការរំពឹងថាអ៊ុយក្រែនអាចបើកយុទ្ធនាការវាយលុក Counter Offensive របស់ខ្លួនដើម្បី ដណ្តើមយកទឹកដីសាជាថ្មីវិពីរុស្ស៊ី ក្នុងរដូវ ប្រាំងនេះថែមទៀត។
លោក William Taylor នៅបានថ្លែងរំពឹងថាអ៊ុយក្រែនហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេច និងជឿជាក់ថាពួកគេប្រាកដជាអាចយកឈ្នះនៅពេលដែលអាវុធយុទ្ធភណ្ឌនឹងបញ្ជួនមកដល់ ។ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែនដដែលនេះ បាននិយាយរំពឹងថាស្ថាន ការណ៍នៅលើសមរភូមិនឹងប្រែប្រួលក្នុងរយៈពេលជាច្រើនថ្ងៃខាងមុខនេះ បន្ទាប់ពីជំនួយយោ ធានឹងបញ្ជួនមកដល់។
ប៉ុន្តែរុស្ស៊ីបានថ្លែងថាបើទោះបីជាអ៊ុយក្រែនមានជំនួយទាំងនេះយ៉ាងណាក៏ដោយ, ក៏មិនអាច កែស្ថានការណ៍នៅលើសមរភូមិបានដែរ។
ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ចាប់តាំងពីសង្គ្រាមចាប់ផ្តើមតាំងពីថ្ងៃដំបូងទី២៤កុម្ភៈ នោះមក គេបានកម្ទេចដ្រូនរបស់អ៊ុយក្រែនជាង ២ម៉ឺន២ពាន់គ្រឿង, បាញ់ស្ទាក់គ្រាប់រ៉ុក្កែត HIMARS ចំនួន៣ពាន់៥០០គ្រាប់ និងគ្រាប់មីស៊ីលចំនួន៦០០គ្រាប់ផងដែរ។
សេចក្តីរាយការណ៍ប៊ីប៊ីស៊ី បាននិយាយថាក្នុងសង្គ្រាមដែលបានឈានចូលក្នុងឆ្នាំទី៣រួចមក នេះ រុស្ស៊ីមានទាហានស្លាប់ដល់៥ម៉ឺននាក់ ដែលក្នុងតួលេខស្លាប់របស់ទាហានរុស្ស៊ីនោះ មាន ការកើនឡើងខ្ពស់នៅក្នុងឆ្នាំទី២ដែលធ្វើសង្គ្រាម។ តួលេខស្លាប់នៃទាហានរុស្ស៊ីនៅក្នុងឆ្នាំ២០២៣នោះ មានច្រើនដល់២ម៉ឺន៧ពាន់៣០០នាក់ ដែលកើនឡើង២៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២២ ដែលជាឆ្នាំទី១នៃការចាប់ផ្តើមធ្វើ សង្គ្រាម។ បើយោងតាមតួលេខជាផ្លូវការរបស់រុស្ស៊ី ទាហានរបស់ ខ្លួនដែលបាត់បង់ជីវិត នៅលើសមរភូមិមានតួលេខក្រោម៦ពាន់នាក់តែប៉ុណ្ណោះ។
មិនមាន សេចក្តីរាយការណ៍បញ្ជាក់ច្បាស់លាស់ពីតួលេខទាហានអ៊ុយក្រែនបានស្លាប់នៅលើ សមរភូមិ នោះទេ ប៉ុន្តែកាលពីខែសីហាកន្លងមក, មន្ត្រីសហរដ្ឋអាមេរិកបានវាយតម្លៃថាមាន ទាហាន អ៊ុយក្រែនស្លាប់ប្រមាណ៧ម៉ឺននាក់និងរងរបួសប្រមាណ១២ម៉ឺននាក់…ប៉ុន្តែនៅពេល នោះ លោកហ្សេឡិនស្គី បាននិយាយថាតួលេខស្លាប់របស់ទាហានរុស្ស៊ីមានច្រើនដល់១៨ម៉ឺននាក់ និងរាប់សិបម៉ឺននាក់ទៀតបានរងរបួស។
ស្រ្តីនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងក្នុងសប្តាហ៍នេះ ថាការអនុម័តផ្តល់ជំនួយយោធាដល់អ៊ុយក្រែនគឺជាការបង្ហាញច្បាស់លាស់ថាសហរដ្ឋអាមេ រិកចង់ឱ្យអ៊ុយក្រែនប្រយុទ្ធទាល់តែស្លាប់អស់ជនជាតិអ៊ុយក្រែន…ហើយសហរដ្ឋអាមេរិកចង់ឱ្យមានការប្រយុទ្ធកើតលើទឹកដីរុស្ស៊ីនិងដាក់លើពលរដ្ឋស៊ីវិលរុស្ស៊ីថែមទៀត។
ការផ្តល់ជំនួយយោធាសន្ធឹកសន្ធាប់ដល់អ៊ុយក្រែន ត្រូវគេបារម្ភថាអ៊ុយក្រែននឹងអាចធ្វើសកម្ម ភាពវាយប្រហារតាមផ្លូវអាកាសវិញដាក់ទៅលើទឹកដីរបស់រុស្ស៊ីដែលជាប្រទេសមាននុយក្លេអ៊ែ័រ។ អគ្គលេខាធិការអង្គការណាតូ លោកJens Stoltenberg បានថ្លែងក្នុងសប្តាហ៍នេះបង្ហាញ សញ្ញាភ្លើងបៃរងថា បើយោងតាមច្បាប់អន្តរជាតិ, ប្រទេសរងគ្រោះដោយអំពើឈ្លានពានដូច ជាអ៊ុយក្រែនជាដើម នឹងមានសិទ្ធិក្នុងការ ការពារខ្លួនរបស់គេ…ហើយអង្គការណាតូក៏មាន សិទ្ធិគាំទ្រអ្នកដែលរងនូវអំពើឈ្លានពានផងដែរ។
លោកJens Stoltenberg បានបញ្ជាក់បន្ថែមថា សិទ្ធិនៃការការពារខ្លួនរបស់ប្រទេសរងគ្រោះនោះ គឺរួមមានសិទ្ធិវាយប្រហារដាក់លើគោលដៅមូលដ្ឋានយោធាដែលស្ថិតនៅខាងក្រៅប្រ ទេសអ៊ុយក្រែនថែមទៀត។ ទោះជាយ៉ាងណាក្តី ខណៈដែលជំនួយយោធានឹងលែងក្លាយជាឧបសគ្គទៅហើយនោះ, អ៊ុយ ក្រែនកំពុងប្រឈមមុខនឹងចំណោទខ្វះទាហាន។
សេចក្តីរាយការណ៍បង្ហាញថា អ៊ុយក្រែនកំពុងរឹតបន្តឹង និងដាក់សម្ពាធកាន់តែខ្លាំងឡើងទៅ លើបុរសអ៊ុយក្រែនដែលរស់នៅក្រៅប្រទេស ដើម្បីបង្ខំពួកគេចូលបំរើកំណែនយោធា។ រដ្ឋមន្ត្រី ការបរទេសអ៊ុយក្រែនលោកឌីមីត្រូ គូឡេបា បានប្រកាសឱ្យស្ថានកុងស៊ុលផ្អាកសេវាកុងស៊ុល ចំពោះបុរសអ៊ុយក្រែនដែលត្រូវបំពេញកាតព្វកិច្ចយោធា និងលោកបញ្ជាក់ថា អ៊ុយក្រែនចាំ បាច់ត្រូវស្តារឥរិយាបទយុត្តិធម៌នេះចំពោះកំណែនយោធា។
លោកឌីមីត្រូ គូឡេបា បានសរសេរក្នុងបណ្តាញសង្គមថា «ស្ថិតក្នុងស្ថានការណ៍ ដែលរុស្ស៊ី ឈ្លានពានយ៉ាងពេញទំហឹងនេះ អាទិភាពចម្បង គឺការពារមាតុភូមិកុំឲ្យរងការបំផ្លិចបំផ្លាញ»។ លោកបានសរសេរ ប្រាប់បុរសអ៊ុយក្រែនរស់នៅក្រៅប្រទេសថា «ការស្នាក់នៅឯបរទេស មិនមែនមានន័យថា ពលរដ្ឋបានរួចផុតពីកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារមាតុភូមិនោះឡើយ» ។ លោកឌីមីត្រូ គូឡេបា បានសរសេរបន្តថា «ប្រជាពលរដ្ឋគ្រប់អាយុចូលបម្រើយោធា ដែលទៅរស់នៅបរទេស បានបង្ហាញភាពមិនខ្វល់ខ្វាយចំពោះការចង់រស់រានរបស់ប្រទេសខ្លួនឯង ឡើយ»ប៉ុន្តែលោកថា«អ្នកទាំងនោះបែរជាចង់មកទទួលសេវាពីរដ្ឋអ៊ុយក្រែនរបស់ខ្លួនទៅវិញ» ។ លោកឌីមីត្រូ គូឡេបា បានបញ្ជាក់ថា «គេមិនអាចធ្វើយ៉ាងដូច្នោះបានទេ ដោយសារតែ ពេលនេះប្រទេសកំពុងជួបសង្គ្រាម»។
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេលិនស្គី បានចុះហត្ថលេខាលើច្បាប់ថ្មីដ៏ចម្រូងចម្រាស់កាលពីថ្ងៃទី ១៦ ខែមេសា ក្រោយពេលសេចក្ដីព្រាងច្បាប់នោះត្រូវបានកែប្រែ រហូតដល់ទៅជាង ៤ ពាន់ដង ។ អាជ្ញាធរអ៊ុយក្រែនកំពុងតែពិនិត្យបន្ថែមលើច្បាប់នោះ ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១៨ ខែឧសភា ខាងមុខនេះ។
បញ្ញត្តិនៃច្បាប់ថ្មីនេះបានចែងថា គ្រប់មនុស្សប្រុសដែលមានអាយុ ១៨ ដល់ ៦០ ឆ្នាំ ត្រូវចុះ ឈ្មោះចូលក្នុងជួរយោធា ហើយត្រូវកាន់ឯកសារចុះឈ្មោះនោះនៅតាមខ្លួនគ្រប់ពេលទាំងអស់ ដើម្បីឲ្យដំណើរការនៃការកេណ្ឌទាហានមានប្រសិទ្ធភាពនិងតម្លាភាព ។
ច្បាប់នោះបានចែងផងដែរថា បុរសជនជាតិអ៊ុយក្រែនអាយុ ១៨ ដល់៦០ ឆ្នាំ ដែលកំពុងរស់ នៅក្រៅប្រទេស ក៏ត្រូវធ្វើឯកសារចុះឈ្មោះនេះសាជាថ្មី នៅពេលមកបន្តសុពលភាពលិខិតឆ្លងដែនរបស់ខ្លួនផងដែរ៕