(ប៉េកាំង)៖ នៅថ្ងៃពុធនេះ ចិនបានចេញមុខព្រមានថា ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក សម្រាប់តៃវ៉ាន់ កំពុងតែបង្កើនហានិភ័យនៃជម្លោះ នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីសភាទាំង២របស់អាមេរិក បានអនុម័តថវិកាចំនួន៨ពាន់លានដុល្លារ សម្រាប់ផ្តល់ការគាំទ្រផ្នែកយោធាដល់ដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងដូច្នេះថា «ខ្ញុំចង់សង្កត់ធ្ងន់ថា ការណ៍ដែលសហរដ្ឋអាមេរិកនិងតៃវ៉ាន់ ប្រឹងប្រែងពង្រឹង ចំណងទាក់ទងផ្នែកយោធា គឺនឹងមិននាំមកនូវសន្តិសុខសម្រាប់តៃវ៉ាន់ឡើយ។ វាមានតែបង្កើនភាពតានតឹង ព្រមទាំងហានិភ័យនៃជម្លោះ នៅច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះ ហើយនៅទីបំផុតគឺប្រៀបដូចជាសកម្មភាព យកកាំភ្លើងបាញ់ជើងខ្លួនឯង»។
លោក Wang បានបន្តថា «ភាពជិតស្និទ្ធនៃទំនាក់ទំនងយោធា មិនអាចជួយសង្រ្គោះជោគវាសនាអន្តរាយ នៃចលនាឯករាជ្យតៃវ៉ាន់ឡើយ។ សហរដ្ឋអាមេរិកគួរតែ ឈប់បំពាក់អាវុធឱ្យតៃវ៉ាន់ ឈប់បង្កើតភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ហើយឈប់បំផ្លាញសុខសន្តិភាពនិងស្ថិរភាព នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ តទៅទៀត»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ព្រឹទ្ធសភាអាមេរិក បានអនុម័តកញ្ចប់ជំនួយយោធា សរុប៩៥ពាន់លានដុល្លារ សម្រាប់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន រួមមានទាំងអ៊ុយក្រែន អ៉ីស្រាអែល និងកោះតៃវ៉ាន់ បន្ទាប់ពីវាត្រូវបានអនុម័តដោយសភាតំណាងរាស្រ្តអាមេរិក។ អនាគតមេដឹកនាំតៃវ៉ាន់ថ្មី លោក Lai Ching-te បាននិយាយថា កញ្ចប់ជំនួយនោះ នឹងពង្រឹងសមត្ថភាពការពារជាតិដែនកោះរបស់លោក ហើយជួយការពារសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។ កោះតៃវ៉ាន់ត្រូវទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកនៃទឹកដី របស់ប្រទេសចិន ហើយមិនដែលបោះបង់ចោលជម្រើស នៃការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាជាមួយដែនកោះនេះវិញ នាថ្ងៃណាមួយ នោះឡើយ៕