(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃពុធ ទី២៤ ខែមេសានេះ បានរាយការណ៍ថាគណៈប្រតិភូមួយរបស់កូរ៉េខាងជើងដឹកនាំដោយរដ្ឋមន្ត្រីខុទ្ទការល័យសម្រាប់ ពាណិជ្ជកម្មអន្តរជាតិ បាន និងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៉ីរ៉ង់ ដែលជាការផ្លាស់ប្ដូរទស្សនកិច្ចដ៏កម្រមួយរវាងប្រទេសទាំង២ ដែលត្រូវបានគេជឿជាក់ថា មានទំនាក់ទំនងយោធាសម្ងាត់ជាមួយនឹងគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA រដ្ឋមន្ត្រីសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ លោក Yun Jong Ho បានចាកចេញពីទីក្រុងព្យុងយ៉ាង តាមជើងហោះហើរមួយ ដោយដឹកនាំគណៈប្រតិភូមួយក្រុមបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៉ីរ៉ង់។ ប៉ុន្តែ KCNA មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។ កូរ៉េខាងជើង និងអ៉ីរ៉ង់ត្រូវបានគេសង្ស័យ ជាយូរមកហើយថាមានកិច្ចសហប្រតិបត្តិការជាសម្ងាត់នឹងគ្នាលើកម្មវិធីមីស៊ីលបាលិស្ទីគ ឬអាចជាការផ្លាស់ប្ដូរជំនាញបច្ចេកទេស និងបរិក្ខារសម្រាប់ការផលិតមីស៊ីល។

បើតាម Reuters ទាំងកូរ៉េខាងជើង និងអ៉ីរ៉ង់សុទ្ធតែបានបញ្ជូនអាវុធក្នុងចំនួនដ៏ច្រើនទៅឱ្យរុស្ស៉ី ប្រើប្រាស់នៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនទៀតផង។ ប៉ុន្តែ ទីក្រុងតេហេរ៉ង់ និងទីក្រុងព្យុងយ៉ាងបានច្រានចោលសេចក្ដីរាយការណ៍បែបនេះ។

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង លោក Yun Jong Ho ធ្លាប់បម្រើការទទួលបន្ទុកលើទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយប្រទេសស៊ីរី ហើយលោក បានធ្វើការយ៉ាងសកម្មក្នុងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងមន្ត្រីកូរ៉េខាងជើង និងរុស្ស៉ីផងដែរ ក្នុងនោះរួមមានទាំងការដឹកនាំគណៈប្រតិភូមួយធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ កាលពីដើមខែមេសានេះ៕