(មូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីនឹងបង្កើនការវាយប្រហារទៅលើមូលដ្ឋានស្តុកទុករបស់អ៊ុយក្រែន ដែលជាឃ្លាំងអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ខណៈដែលសហរដ្ឋអាមេរិករៀបចំដើម្បីអនុម័ត និងផ្តល់កញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែនដែលរង់ចាំជាយូរមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់មន្ត្រីការពារជាតិ លោក Shoigu បាននិយាយថា ប្រទេសរុស្ស៊ីបាន «លុបបំបាត់ចោលនូវទេវកថា អំពីឧត្តមភាពអាវុធរបស់លោកខាងលិច» ហើយបានអះអាងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមគ្រប់គ្រងស្ថានការណ៍ទូទៅ នៅតាមបណ្តោយសមរភូមិចម្ងាយ ១,០០០ គីឡូម៉ែត្រ។
លោកបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃសរុបជិត ៦១ ពាន់លានដុល្លារ បន្ទាប់ពីសភាអាមេរិកបានអនុម័តកាលពីថ្ងៃសៅរ៍។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបញ្ជាក់ថា ទីក្រុងគៀវនឹងទទួលបានប្រព័ន្ធមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយបន្ថែមទៀត ជាផ្នែកនៃកញ្ចប់នេះ។ ចំណែក មន្ត្រីអាមេរិកបានបញ្ជាក់ថា ជំនួយក៏នឹងរួមបញ្ចូលការផ្គត់ផ្គង់គ្រាប់រំសេវ និងឧបករណ៍ស្ទាក់ចាប់សម្រាប់ប្រព័ន្ធការពារដែនអាកាសផងដែរ។
លោក Shoigu បាននិយាយថា «ដើម្បីឆ្លើយតបនឹងការគំរាមកំហែង ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត យើងនឹងបន្តធ្វើឱ្យប្រសើរឡើងនូវសមាសភាព និងរចនាសម្ព័ន្ធនៃកងកម្លាំងប្រដាប់អាវុធ និងបង្កើនការផលិតអាវុធ និងឧបករណ៍យោធាដ៏ទំនើបបំផុត»។
លោកបានសង្កត់ធ្ងន់ថា «យើងនឹងបង្កើនការវាយប្រហារ ទៅលើមជ្ឈមណ្ឌលដឹកជញ្ជូនលោកខាងលិច និងមូលដ្ឋានផ្ទុកអាវុធ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់មួយ ស្តីពីការផ្តល់កញ្ចប់ជំនួយសរុបចំនួន ៩៥ពាន់លានដុល្លារ ក្នុងនោះជាង៦០ពាន់លានដុល្លារ ផ្តោតលើវិបត្តិសង្រ្គាមអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខសម្តែងការអរគុណ សម្រាប់ការអនុម័តកញ្ចប់ជំនួយធំខាងលើ ខណៈកន្លងមក រូបលោកបានលើកឡើងថា ប្រសិនបើគ្មានជំនួយយោធាពីសហរដ្ឋអាមេរិកទេ នោះប្រទេសរបស់លោកនឹងចាញ់សង្រ្គាមមិនខាន៕