(វ៉ាស៉ីនតោន)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានច្រានចោលនូវការលើឡើងដែលថា ទីក្រុងវ៉ាស៉ីនតោនមាន «ស្តង់ដារពីរ» នៅពេលអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ចំពោះការចោទប្រកាន់ពីការរំលោភបំពាន ដោយយោធាអ៉ីស្រាអែលនៅឯតំបន់ហ្កាហ្សា ហើយថាដំណើរការពិនិត្យលើ ការចោទប្រកាន់បែបនេះកំពុងបន្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក លោក Blinken បានលើកជាសំណួរឡើងថា «តើយើងមានស្តង់ដារពីរឬ? ចម្លើយ គឺគ្មានទេ។ ជាទូទៅ ដូចដែលយើងកំពុង​ពិនិត្យលើបញ្ហា និងស្ថានភាពសិទ្ធិមនុស្សជុំវិញពិភពលោក យើងអនុវត្តស្តង់ដារដូចៗគ្នា។ វាគ្មានការផ្លាស់ប្តូរទេ មិនថាចំពោះ ប្រទេសជាគូប្រជែង ឬសម្ព័ន្ធមិត្ត»

លោក Blinken បានបន្ថែមថា «នៅពេលនិយាយពីការចោទប្រកាន់លើឧទ្ទវហេតុណាមួយ ឬការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ឬការរំលោភសិទ្ធិ... យើងកំពុងធ្វើការ ហើយពិនិត្យលើឧទ្ទវហេតុដែលកាន់តែកើនឡើង។ ការពិនិត្យកំពុងស្ថិតក្នុងដំណើរការ»។ យ៉ាងនេះក្តី លោក Blinken បានបដិសេធមិនបញ្ជាក់ច្បាស់ថាដំណើរការវាយតម្លៃ អាចនឹងរួចរាល់នៅពេលណានោះទេ។

គួរបញ្ជាក់ថា សកម្មភាពយោធារបស់អ៉ីស្រាអែល បានស្ថិតនៅក្រោមការតាមដានកាន់តែខ្លាំងឡើង ខណៈកងកម្លាំងរបស់ខ្លួន បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣៤,០០០នាក់ នៅក្នុងតំបន់ហ្កាហ្សា ដែលបើតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ភាគច្រើនគឺជាជនស៉ីវិល និងកុមារ។ ពេលនេះ តំបន់ហ្កាហ្សា ស្ទើរតែក្លាយទៅជាវាលរហោស្ថាន ហើយការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង បានជំរុញឱ្យមានការភ័យខ្លាចពីគ្រោះទុរ្ភិក្ស៕