(បាកដាដ)៖ កងទ័ពអាមេរិក នៅក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី បានរងការវាយប្រហារ ២ដាច់ដោយឡែកពីគ្នាមានទាំងគ្រាប់រ៉ុក្កែត និងដ្រូនបំពាក់គ្រឿងផ្ទុះ ក្នុងរយៈពេល មិនដល់២៤ម៉ោងស្រួលបួលផង ដែលនេះអាចជាការវាយប្រហារលើកដំបូងលើកងកម្លាំងអាមេរិក ក្រោយផ្អាកជិត៣ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអ៉ីរ៉ាក់ និងអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថាដ្រូន ២គ្រឿងត្រូវបានបាញ់ទម្លាក់ នៅក្បែរ មូលដ្ឋានទ័ពអាមេរិក Ain al-Asad ស្ថិតនៅក្នុងខេត្ត Anbar ភាគខាងលិចប្រទេសអ៉ីរ៉ាក់។ ការវាយប្រហារដោយដ្រូននេះដែរ កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ពី ការវាយប្រហារដោយគ្រាប់រ៉ុក្កែត ៥គ្រាប់ចេញពីភាគខាងជើងប្រទេសអ៉ីរ៉ាក់ លើកងទ័ពអាមេរិកឈរជើងនៅឯមូលដ្ឋានទ័ព Rumalyn ក្នុងតំបន់ដាច់ស្រយាលមួយនៃ ភាគឦសានប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់ទេ។

ការវាយប្រហារដោយគ្រាប់រ៉ុក្កែត កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅដែលមានគោលដៅលើកងទ័ពអាមេរិក អាចជាការវាយប្រហារលើកដំបូងបំផុតលើកងទ័ពអាមេរិក ក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី ចាប់តាំងពីថ្ងៃទី៤ ខែកុម្ភៈមក។ ការវាយប្រហារជាប្រចាំថ្ងៃលើកងទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា បានកើតឡើងនៅពាក់កណ្ដាលខែតុលា ឆ្នាំមុន ដោយក្រុមប្រដាប់អាវុធមួយក្នុងប្រទេសអ៉ីរ៉ាក់មានឈ្មោះថា Islamic Resistance បានទទួលខុសត្រូវលើការវាយប្រហារដោយសំអាងថាជាការឆ្លើយតបនឹងសហរដ្ឋអាមេរិក ដែលគាំទ្រសង្រ្គាមរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា។

ការវាយប្រហារលើកងទ័ពអាមេរិកបានបញ្ឈប់ កាលពីចុងខែមករា ឆ្នាំ២០២៤ ក្រោមការដាក់សម្ពាធពីអាជ្ញាធរអ៉ីរ៉ាក់ និងអ៉ីរ៉ង់ ក្រោយសហរដ្ឋអាមេរិកបើកការវាយប្រហារលើ ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ជាការសងសឹកឱ្យទាហានអាមេរិក ៣នាក់ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយដ្រូន ក្នុងប្រទេសហ្ស៊កដានី។

គួររំលឹកថា សហរដ្ឋអាមេរិក បានឈ្លានពានប្រទេសអ៉ីរ៉ាក់ កាលពីឆ្នាំ២០០៣ ដើម្បីផ្ដួលរំលំរបបដឹកនាំរបស់អតីតមេដឹកនាំអ៉ីរ៉ាក់ Saddam Hussein និងបានដកកងទ័ព ចេញនៅឆ្នាំ២០១១។ តែកងទ័ពអាមេរិកត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសអ៉ីរ៉ាក់ជាថ្មីកាលពីឆ្នាំ២០១៤ តបតាមសំណើរបស់រដ្ឋាភិបាលអ៉ីរ៉ាក់ ដើម្បីជួយប្រយុទ្ធប្រឆាំង នឹងក្រុម ISIS។ បច្ចុប្បន្ន កងទ័ពអាមេរិកប្រហែលជា ២៥០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសអ៉ីរ៉ាក់ និង៩០០នាក់ឈរជើងនៅភាគខាងកើតប្រទេសស៊ីរី៕