(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងប្រញាប់បញ្ជូនកញ្ចប់ជំនួយយោធាថ្មីដើម្បីជួយទីក្រុងកៀវ នៅក្នុងការប្រយុទ្ធតស៊ូប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះជាការបញ្ជាក់ របស់លោកប្រធានាធិបតី ចូ បៃដិន ប្រាប់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃចន្ទ ទី២២ ខែមេសា ដែលត្រូវបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP លោក បៃដិន ក៏បានបញ្ជាក់ឡើងវិញ ផងដែរពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ខណៈទីក្រុងកៀវកំពុងការពារសេរីភាពរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។ តាមលោក បៃដិន អាមេរិកនឹង ប្រញាប់បញ្ជូនជំនួយយោធាថ្មីទៅឱ្យអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបំពេញតម្រូវការចាំបាច់នៅលើសមរភូមិ និងការការពារដែនអាកាស។

រដ្ឋសភាអាមេរិកកាលពីសប្ដាហ៍មុន បានបោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយស្ដីពីកញ្ចប់ជំនួយយោធាទំហំ ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន បន្ទាប់ពីជាប់គាំង អស់រយៈពេលជាច្រើនខែមកនេះ។ សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាសម្រាប់ការបោះឆ្នោតអនុម័ត មុននឹងបញ្ជូនទៅលោក ចូ បៃដិនចុះហត្ថលេខាឱ្យ ក្លាយទៅជាច្បាប់។

គួរបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក ហ្សេលេនស្គីបានអរគុណដល់លោក បៃដិនសម្រាប់ការគាំទ្រឥតងាករេដល់ទីក្រុងកៀវ ហើយក៏បានទទួលស្គាល់ដែរថា លោកបៃដិនបានប្រាប់រូបលោកផ្ទាល់ថាសហរដ្ឋអាមេរិកនឹងប្រញាប់បញ្ជូនកញ្ចប់ជំនួយយោធានេះ នៅពេលត្រូវបានព្រឹទ្ធសភាអនុម័ត៕