(ហ្សាការតា)៖ នៅពេលប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី លោក Prabowo Subianto បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនប៉ុន្មានខែ មុននឹងលោកត្រូវស្បថចូលកាន់តំណែងជាផ្លូវការ ការងឿនឆ្ងល់បានផ្ទុះឡើងនៅទូទាំងតំបន់ទាំងមូល។ ទីក្រុងហ្សាការតា បានប្រកាន់យកជាយូរណាស់មកហើយនូវគោលជំហររក្សាតុល្យភាពទំនាក់ទំនងជាមួយទីក្រុងប៉េកាំង និងទំនាក់ទំនងជិតស្និទ្ធ របស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។ ដូច្នេះហើយទើបការជ្រើសរើសយកចិនជាគោលដៅធ្វើទស្សនកិច្ចនៅក្រៅប្រទេសដំបូងគេរបស់លោក Prabowo បង្កភាពភ្ញាក់ផ្អើលមួយដែលគ្មាននរណាម្នាក់ នឹកស្មានថានឹងកើតឡើង។

តែយ៉ាងណាក៏ដោយ ការរីកចម្រើនធំធាត់នៃទំនាក់ទំនងមិត្តភាពជាមួយចិន អាចជាសញ្ញាមួយបង្ហាញថាឥណ្ឌូណេស៊ីប្រហែលជារកឃើញវិធីសាស្ត្រថ្មី ដើម្បីដើរលើក្រឡាអុកភូមិសាស្ត្រនយោបាយ។ ទំនាក់ទំនងមិត្តភាពរវាងចិន និងឥណ្ឌូណេស៊ី ត្រូវបានមជ្ឈដ្ឋានខ្លះយល់ថាមានភាពរីកចម្រើនទៅមុខដោយសារតែការសម្លឹងឃើញឱកាសនៃការវិនិយោគ។ ក៏ប៉ុន្តែវាមិនមែនដូច្នោះទាំងស្រុងនោះទេ។ ពោលគឺប្រជាជនឥណ្ឌូណេស៊ីមានការខកចិត្តកាន់តែខ្លាំងឡើង ចំពោះបរាជ័យរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងការរឹតត្បិតលើសកម្មភាពរបស់អ៉ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ដែលនេះបានផ្ដល់ឱកាសល្អសម្រាប់ចិន ជាមួយការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ទៅកាន់ឥណ្ឌូណេស៊ី ដើម្បីពង្រឹងទំនាក់ទំនងជាមួយ​លោក Prabowo។

ទស្សនកិច្ចរបស់លោក វ៉ាង យី កើតមានឡើងចំពេលវិទ្យាស្ថាន ISEAS-Yusof Ishak មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយការស្ទង់មតិមួយបង្ហាញថាប្រជាជនឥណ្ឌូណេស៊ីភាគច្រើនមាន ទស្សនៈវិជ្ជមានចំពោះចិន។ មិនតែប៉ុណ្ណោះ អ្នកជំនាញ២រូបមកពីវិទ្យាស្ថានមួយនេះក៏បានកត់សម្គាល់ដែរថាសង្រ្គាមដែលកំពុងបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងទុក្ខវេទនារបស់ប្រជាជនប៉ាឡេស្ទីនគឺជា កតា្តជំរុញឱ្យប្រជាជនឥណ្ឌូណេស៊ីមានទំនោរប្រឆាំងនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក។ តាមការស្ទង់មតិរបស់វិទ្យាស្ថាន ISEAS-Yusof Ishak នៅពេលត្រូវបានសាកសួរថាតើប្រសិនបើត្រូវ បង្ខំចិត្តជ្រើសរើសយកមួយរវាងសហរដ្ឋអាមេរិក និងចិន តើអាស៊ានគួរតែជ្រើសរើសឈរនៅខាងណា? ៧៣ភាគរយនៃប្រជាជនឥណ្ឌូណេស៊ីបានជ្រើសរើសយកចិន ខណៈមានតែ២៧ភាគរយប៉ុណ្ណោះ ជ្រើសរើសយកសហរដ្ឋអាមេរិក។ នេះជាការផ្លាស់ប្ដូរមួយយ៉ាងធំ ដោយកាលពីឆ្នាំ២០២៣ ការស្ទង់មតិចំពោះសំណួរដូចគ្នានេះបានបង្ហាញថាប្រជាជនឥណ្ឌូណេស៊ី ៥៤ភាគរយជ្រើសរើសយកចិន និង៤៦ភាគរយ ឈរនៅខាងសហរដ្ឋអាមេរិក។

ទីក្រុងប៉េកាំងហាក់ដូចជាមានញ្ញាណដឹងពីការផ្លាស់ប្ដូរនេះ។ ជាក់ស្ដែង អំឡុងជំនួបជាមួយប្រធានាធិបតីចាំផ្ទះ លោក ចូកូ វីដូដូ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា លោក វ៉ាង យី បានថ្កោលទោស សហរដ្ឋអាមេរិកសម្រាប់ការបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយរបស់អង្គការសហប្រជាជាតិ អំពាវនាវឱ្យមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា នាពេលកន្លងមក។ ការចាប់យកឱកាសនេះមិនមែនជា រឿងថ្មីថ្មោងនោះទេ ប៉ុន្តែការបញ្ចេញសំឡេងគាំទ្ររបស់ចិនចំពោះប្រជាជនប៉ាឡេស្ទីន កំពុងទាក់ទាញការគាំទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍ជាពិសេសនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលសុទ្ធសឹងជាប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន និងចង់ឃើញភាពជាមេដឹកនាំកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាប៉ាឡេស្ទីន។

ការការពារផលប្រយោជន៍របស់ឥណ្ឌូណេស៊ីពីផលវិបាកដែលអាចកើតឡើងចេញពីការប្រជែងឥទ្ធិពលគ្នារវាងសហរដ្ឋអាមេរិក និងចិន នឹងក្លាយជាភារកិច្ចដ៏សំខាន់សម្រាប់លោក Prabowo នៅពេល លោកឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី នៅខែតុលាខាងមុខ។ លោក Prabowo ជាមនុស្សម្នាក់ត្រូវបានគេជឿថាមានយុទ្ធសាស្ត្រដើម្បីដើរជាមួយចិន និងអាចបត់បែនភ្លាមៗ នៅពេលណាមួយថាតើលោកត្រូវចាត់ទុកចិនជាសត្រូវ ឬជាមិត្ត។ នេះគឺជាយុទ្ធសាស្ត្រមួយស្របតាម «គោលការណ៍សេរីភាព និងភាពរស់រវើក» នៃគោលនយោបាយការបរទេសរបស់ឥណ្ឌូណេស៊ី និងដែលត្រូវបានគេមើលឃើញថាអាចនឹងបន្តអនុវត្តនៅក្រោមអាណត្តិប្រធានាធិបតីថ្មី។

ចិនគឺជាប្រភពវិនិយោគ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់ឥណ្ឌូណេស៊ី។ លោក ចូ កូវីដូដូ បានបោះដៃទៅរកទីក្រុងប៉េកាំង ដើម្បីឱ្យជួយសម្រេចគម្រោងដ៏ធំមួយដែលលោកចង់បន្សល់ទុកជា មរតកនយោបាយរបស់លោក នោះគឺគម្រោងសាងសង់រដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ីនៅក្នុងខេត្តកាលីម៉ាន់តាន់ ខាងកើត (East Kalimantan)។ ក៏ប៉ុន្តែ លោក​ Rizal Sukma​ ជាអ្នកជំនាញម្នាក់មកពី​ មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) យល់ថាទោះបីជាទីក្រុងហ្សាការតាអាចគ្រប់គ្រងទំនាក់ទំនងជាមួយចិនបានយ៉ាងល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ពិតមែន តែប្រជាជនឥណ្ឌូណេស៊ីនៅតែមានការព្រួយបារម្ភខ្លាចថាប្រទេសរបស់ពួកគេអាចនឹងពឹងផ្អែកខ្លាំងលើសលុបពេកទៅលើចិន។ ដូច្នេះហើយទោះជាមានទំនាក់ទំនងជិតស្និទ្ធជាមួយចិន ក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ឥណ្ឌូណេស៊ី។

យោធាឥណ្ឌូណេស៊ីពឹងផ្អែកលើការទិញបរិក្ខារយោធាពីបរទេស ក្នុងនោះជាពិសេសពីសហរដ្ឋអាមេរិក ហើយទីក្រុងហ្សាការតាក៏ត្រូវការសហរដ្ឋអាមេរិកផងដែរ ដើម្បីរក្សាតុល្យភាពទំនាក់ទំនងជាមួយ ចិន និងត្រូវការជាចាំបាច់នូវការគាំទ្រយ៉ាងសកម្មពីទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រឈមមុខជាមួយចិន នៅពេលដែលត្រូវប្រឈមមុខ ដូចជាក្នុងសំណុំរឿងជម្លោះដែនទឹកក្នុងតំបន់សមុទ្រចិនខាងត្បូង ជាដើម។ បើតាមលោកស្រី​ Karishma Vaswani ជាអ្នកជំនាញម្នាក់ស្ដីពីចិន សហរដ្ឋអាមេរិកកំពុងបាត់បង់ការគាំទ្រពីសាធារណមតិដូចជានៅឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គឺដោយសារតែភាពអសកម្ម ក្នុងការដោះស្រាយបញ្ចប់សង្រ្គាម និងទុក្ខវេទនារបស់ប្រជាជនប៉ាឡេស្ទីនតែប៉ុណ្ណោះ។ មានន័យថាសហរដ្ឋអាមេរិកអាចនឹងបន្តបាត់បង់ឥទ្ធិពលនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដរាបណានៅតែមិនមាន ជំហរច្បាស់លាស់ចំពោះសង្រ្គាមហ្កាហ្សា៕