(អង់ការ៉ា)៖ ប្រធានាធិបតីតួនគី លោក Recep Tayyip Erdogan បានចាប់ផ្តើមដំណើរទស្សនកិច្ចដ៏កម្រមួយ ទៅកាន់ប្រទេសជិតខាងអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ ក្នុងគោលបំណងស្តារឡើងវិញ នូវទំនាក់ទំនងទ្វេភាគីដ៏តានតឹង តាមរយៈកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ពាណិជ្ជកម្ម និងសន្តិសុខប្រឆាំងនឹងពួកសកម្មប្រយុទ្ធ Kurdistan Workers' Party (PKK)ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចដែលរង់ចាំជាយូរមកហើយរបស់ លោក Erdogan នេះ គឺជាដំណើរទស្សនកិច្ចលើកដំបូង ដោយមេដឹកនាំតួកគីចាប់តាំងពីឆ្នាំ ២០១១ ហើយវាបានកើតឡើងបន្ទាប់ពីភាពតានតឹងជាច្រើនឆ្នាំក្នុងទំនាក់ទំនងរបស់ប្រទេសជិតខាងទាំងពីរ នៅពេលដែលទីក្រុងអង់ការ៉ាបង្កើនប្រតិបត្តិការឆ្លងព្រំដែនរបស់ខ្លួន ប្រឆាំងនឹងសកម្មប្រយុទ្ធ Kurdistan Workers' Party (PKK) ដែលឈរជើងនៅតំបន់ភ្នំ និងតំបន់ដែលមានជនជាតិឃឺដរស់នៅភាគច្រើន ក្នុងប្រទេសអ៊ីរ៉ាក់។
ប្រធានាធិបតីតួកគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីអ៊ីរ៉ាក់ លោក Abdul Latif Rashid ថា «តួកគីមានការរំពឹងទុកពីអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការភេរវករនៃគណបក្សពលករឃឺដ (PKK) ហើយអ៊ីរ៉ាក់ត្រូវតែលុបបំបាត់អំពើភេរវកម្មគ្រប់ប្រភេទ»។
ដោយឡែក ប្រធានាធិបតីអ៊ីរ៉ាក់ លោក Rashid បានឆ្លើយតបថា អ៊ីរ៉ាក់គាំទ្រសកម្មភាពរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងប្រឆាំងនឹងការប្រើប្រាស់ទឹកដីរបស់ខ្លួន សម្រាប់ការវាយប្រហារប្រទេសជិតខាងណាមួយ។ ប៉ុន្តែលោកក៏បាននិយាយដែរថា អ៊ីរ៉ាក់ប្រឆាំងនឹងការវាយប្រហារណាមួយលើទឹកដីរបស់ខ្លួន។
គួរជម្រាបថា អ៊ីរ៉ាក់បានចាត់ទុកប្រតិបត្តិការតួកគីកន្លងមក បានរំលោភលើអធិបតេយ្យភាព និងបានសម្លាប់ជនស៊ីវិលរបស់ខ្លួន។ ចំណែកឯ ទីក្រុងអង់ការ៉ាវិញបាននិយាយថា ខ្លួនត្រូវតែការពារខ្លួនពីគណបក្សពលករឃឺដ (PKK) ដែលតួកគី និងសម្ព័ន្ធមិត្តលោកខាងលិចចាត់ថ្នាក់ជាក្រុមភេរវករ។
តួកគីគ្រោងនឹងបើកការវាយប្រហារថ្មីលើពួកសកម្មប្រយុទ្ធនៅនិទាឃរដូវនេះ ហើយបានស្វែងរកកិច្ចសហប្រតិបត្តិការយោធាអ៊ីរ៉ាក់ ក៏ដូចជាការទទួលស្គាល់ទីក្រុងបាកដាដ ចំពោះការគំរាមកំហែងដែលបង្កឡើងដោយ PKK។
កិច្ចសហប្រតិបត្តិការក្នុងគម្រោងសេដ្ឋកិច្ចធំៗរវាងប្រទេសទាំងពីរ ក៏ស្ថិតនៅលើតុផងដែរ។ ជាក់ស្តែង កាលពីឆ្នាំមុន អ៊ីរ៉ាក់បានចាប់ផ្តើមគម្រោងផ្លូវអភិវឌ្ឍន៍តម្លៃ ១៧ ពាន់លានដុល្លារ ក្នុងគោលបំណងប្រែក្លាយប្រទេសនេះ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដែលតភ្ជាប់អាស៊ី និងអឺរ៉ុប តាមរយៈការតភ្ជាប់រវាងកំពង់ផែដ៏ធំរបស់អ៊ីរ៉ាក់ឈ្មោះថា Al-Faw នៅភាគខាងត្បូង និងតួកគីនៅភាគខាងជើង៕