(ប៉េកាំង)៖ អំឡុងកិច្ចប្រជុំជាមួយក្រុមមន្រ្តីយោធាជាន់ខ្ពស់ នៃកងទ័ពជើងទឹកបរទេស នៅឯទីក្រុង Qingdao នាថ្ងៃចន្ទនេះ មន្រ្តីយោធាជាន់ខ្ពស់ចិនមួយរូប បានលើកឡើងថា ប្រទេសចិនបន្តប្តេជ្ញាដោះស្រាយបញ្ហាជម្លោះដែនសមុទ្រនានា ជាមួយប្រទេសដទៃទៀត តាមរយៈកិច្ចសន្ទនា ប៉ុន្តែនឹងមិនបណ្តោយឱ្យខ្លួនឯង ត្រូវគេរំលោភបំពានដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។

លោក Zhang Youxis ដែលជាអនុប្រធានគណៈកម្មការយោធាមជ្ឈិម នៃបក្សកុម្មុយនិស្តចិន និងជាមន្រ្តីយោធាជាន់ខ្ពស់លំដាប់ទី២របស់ចិន បានបន្ថែមទៀតថា ដែនសមុទ្រមិនគួរក្លាយជាសង្វៀនសម្រាប់ឱ្យប្រទេសនានា សម្ញែងដាច់ដុំនាវាចម្បាំងរបស់ពួកគេឡើយ។ នៅក្នុងឱកាសពិធីបើកសន្និសីទ កងទ័ពជើងទឹកប៉ាស៉ីហ្វិកខាងលិច (Western Pacific Naval Symposium) លោក Zhang បាននិយាយដូច្នេះថា «ធាតុពិត​បានបង្ហាញថា អ្នកទាំងឡាយដែលបានធ្វើសកម្មភាពបង្កហេតុ បង្កើនភាពតានតឹង ដោយចេតនា ឬគាំទ្រភាគីម្ខាងប្រឆាំងភាគីម្ខាងទៀត ដើម្បីបម្រើផលប្រយោជន៍អត្មានិយមរបស់ខ្លួន គឺទីបំផុតមុខជានឹងពុំអាចទទួលបានប្រយោជន៍អ្វី ក្រៅតែពីរងផលអាក្រក់ខ្លួនឯង នោះឡើយ»

ការអត្ថាធិប្បាយយ៉ាងដូច្នោះហាក់ចង់សំដៅលើ ការកើនឡើងភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង ជាទីដែលសម្ព័ន្ធមិត្តសន្ធិសញ្ញា របស់ទីក្រុងវ៉ាស៉ីនតោន គឺទីក្រុងម៉ានីលកំពុងស្ថិតក្នុងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ជាមួយទីក្រុងប៉េកាំងនៅទីនោះ។ ព្រឹត្តិការណ៍យោធាការទូតខាងលើ ប្រព្រឹត្តទៅជួនពេលគ្នាជាមួយ ការធ្វើសមយុទ្ធយោធារួមប្រចាំឆ្នាំ ក្នុងទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ដែលចាប់ផ្តើមនាថ្ងៃចន្ទនេះ។ ភាពតានតឹងកំពុងស្ថិតក្នុងកម្រិតខ្ពស់ជាពិសេស នៅតំបន់ Second Thomas Shoal ដែលចិនហៅថា Ren'ai នៃសមុទ្រចិនខាងត្បូង។ ទីក្រុងម៉ានីលបានចោទប្រកាន់ទីក្រុងប៉េកាំង អំពីសកម្មភាពធ្វើទុក្ខបុកម្នេញផ្សេងៗ រួមមានទាំងការប្រើប្រាស់កាណុងបាញ់ទឹក មកលើទូករបស់ខ្លួន។

គួរបញ្ជាក់ថា សន្និសីទ Western Pacific Naval Symposium គឺជាឱកាសកម្រមួយ សម្រាប់ឱ្យបណ្តាប្រទេស ដែលមានផលប្រយោជន៍ក្នុងតំបន់ផ្ទុយពីគ្នា ធ្វើការដោះដូរទស្សនៈ។ មេបញ្ជាការកងអង្គភាពប៉ាស៉ីហ្វិក របស់យោធាទឹកជើងទឹកអាមេរិក នាយឧត្តមនាវី Stephen Koehler កំពុងតំណាងឱ្យទីក្រុងវ៉ាស៉ីនតោន ចូលរួមសន្និសីទនេះ ខណៈប្រតិភូមកពីប្រទេសដទៃទៀត រួមមានដូចជាអូស្រ្តាលី បារាំង ឥណ្ឌា រុស្ស៉ី និងចក្រភពអង់គ្លេស ជាដើម។ ដោយឡែក ហ្វីលីពីនមិនបានមកចូលរួមឡើយ ទោះបីមានឈ្មោះ​ជាប្រទេសសមាជិកនៃវេទិកានេះក៏ដោយ៕