(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ លោក James Marape បាននិយាយថាប្រទេសរបស់លោកមិនគួរត្រូវបានគេហៅថាជាប្រទេស មនុស្សស៊ីសាច់មនុស្សនោះទេ បន្ទាប់ពីការអាត្ថាធិប្បាយដ៏ចម្រូងចម្រាសមួយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពាក់ព័ន្ធនឹងពូបង្កើតរបស់លោកដែល បានបាត់ខ្លួនក្នុងប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤។

កាលពីសប្ដាហ៍មុន លោក ចូ បៃដិន បានលើកឡើងនៅឯទីគោរពវិញ្ញាណក្ខន្ធដល់ជនពលីក្នុងសង្រ្គាមមួយ ក្នុងរដ្ឋ Pennsylvania ពីលទ្ធភាពដែលអាចទៅរួចថា ពូបង្កើតរបស់លោកឈ្មោះ Ambrose Finnegan ប្រហែលជាត្រូវបានក្រុមមនុស្សស៊ីសាច់មនុស្សសម្លាប់យកធ្វើជាអាហារ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក បៃដិន ការិយាល័យនាយករដ្ឋមន្ត្រីប៉ាពូអាស៊ីនូវែលហ្គីណេ បាននិយាយថាលោក បៃដិន ហាក់ដូចជាចង់ លើកឡើងពីពូរបស់លោកត្រូវបានសម្លាប់ដោយក្រុមមនុស្សស៊ីសាច់មនុស្ស បន្ទាប់ពីយន្ដហោះរបស់លោកត្រូវបានបាញ់ទម្លាក់ក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ អំឡុងសង្រ្គាមលោកលើកទី២។

លោក James Marape នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា បានបញ្ជាក់ទៀតថា «ការអត្ថាធិប្បាយរបស់ លោកប្រធានាធិបតី បៃដិន ប្រហែលជាមានការភ្លាំងភ្លាត់ ប៉ុន្តែប្រទេសរបស់ខ្ញុំមិនសមនឹងទទួលបានការហៅថាជាប្រទេសស៊ីសាច់មនុស្សរបៀបនេះនោះទេ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានចុះសន្ធិសញ្ញាលើកិច្ចសហប្រតិបត្តិការស្ដីពីវិស័យការពារជាតិជាមួយប៉ាពូអាស៊ីនូវែលហ្គីណេ កាលពីឆ្នាំមុន ចំពោះមុខការប្រកួត ប្រជែងឥទ្ធិពលជាមួយចិន ដែលបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសដែនកោះសូឡូម៉ុន៕