(ហ្គាហ្សា)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងប្រឆាំងនឹងរាល់ការដាក់ទណ្ឌកម្មលើអង្គភាពយោធាអ៊ីស្រាអែលណាមួយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំផែនការបែបនេះ ប្រឆាំងនឹងកងវរសេនាតូចមួយ ជុំវិញការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។
គេហទំព័រព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងដាក់ទណ្ឌកម្មលើកងវរសេនាតូច Netzah Yehuda របស់អ៊ីស្រាអែល ដែលប្រតិបត្តិការនៅតំបន់ West Bank។ ប៉ុន្តែកងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនមិនបានដឹងពីផែនការទាំងនេះទេ។
លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រសិនបើនរណាម្នាក់គិតថា ពួកគេអាចដាក់ទណ្ឌកម្មលើអង្គភាព IDF (កងកម្លាំងការពារអ៊ីស្រាអែល) ខ្ញុំនឹងប្រយុទ្ធជាមួយវា រហូតអស់ពីកម្លាំងរបស់ខ្ញុំ»។
យោធាអ៊ីស្រាអែលបានអះអាងថា កងវរសេនាតូច Netzah Yehuda គឺជាអង្គភាពប្រយុទ្ធសកម្ម ដែលប្រតិបត្តិការស្របតាមគោលការណ៍នៃច្បាប់អន្តរជាតិ។
យោធាអ៊ីស្រាអែលបាននិយាយដូច្នេះថា «IDF មិនបានដឹងពីបញ្ហានេះទេ...ប្រសិនបើការសម្រេចចិត្តត្រូវបានធ្វើឡើងលើបញ្ហានេះ យើងនឹងពិនិត្យមើលឡើងវិញ។ IDF នឹងបន្តធ្វើការស៊ើបអង្កេតព្រឹត្តិការណ៍មិនប្រក្រតីណាមួយ នៅក្នុងរបៀបអនុវត្តជាក់ស្តែង និងស្របតាមច្បាប់»៕