(ហ្គាហ្សា)៖ បុគ្គលិកសង្គ្រោះបន្ទាន់បានឱ្យដឹងថា អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសយ៉ាងសាហាវនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលអំពើហិង្សាបានកើនឡើងនៅក្នុងតំបន់ West Bank ដែលកាន់កាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។
ការទម្លាក់គ្រាប់បែកចុងក្រោយនេះ បានកើតឡើងនៅពេលដែលសមាជិកសភានៅសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់អ៊ីស្រាអែល បានអនុម័តយល់ព្រមផ្តល់ជំនួយយោធាថ្មីចំនួន ១៣ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល បើទោះបីជាការរិះគន់ជាសកលបានកើនឡើងជុំវិញចំនួនអ្នកស្លាប់ និងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សាក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ ការភ័យខ្លាចនៃសង្រ្គាមកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ាបានធូរស្រាលបន្តិច បន្ទាប់ពីអ៊ីរ៉ង់បានបន្ធូរបន្ថយស្ថានការណ៍ ដោយនិយាយថា ខ្លួនគ្មានផែនការវាយបកលើអ៊ីស្រាអែលបន្តទៀតទេ។
បើយោងតាមទីភ្នាក់ងារការពារជនស៊ីវិលនៃដែនដីប៉ាឡេស្ទីនបានឱ្យដឹងថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក នៅតំបន់ហ្កាហ្សាពេញមួយយប់កន្លងទៅ។ ការវាយប្រហារនេះ បានបណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់ ដែលភាគច្រើនជាកុមារ បន្ទាប់ពីផ្ទះរបស់គ្រួសារមួយនៅជិតក្រុង Rafah ត្រូវបានវាយប្រហារ។ បន្ថែមពីលើនេះ មនុស្សយ៉ាងហោចណាស់ ៣នាក់ទៀតបានស្លាប់ និងផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសដាច់ដោយឡែកមួយ ទៅលើផ្ទះមួយផ្សេងទៀត នៅក្នុងតំបន់ Rafah៕