(ឌូបៃ)៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២១ មេសា) ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស សម្រាប់ការវាយប្រហាររបស់ពួកគេលើអ៊ីស្រាអែលក្នុងខែនេះ ដោយនិយាយថា អ៊ីរ៉ង់បានបង្ហាញពីអំណាចរបស់ខ្លួន ដោយមិនគិតពីចំនួនគោលដៅត្រូវបានវាយប្រហារនោះទេ។
កាលពីថ្ងៃទី ១៣ ខែមេសា អ៊ីរ៉ង់បានបើកការវាយប្រហារដោយផ្ទាល់ជាលើកដំបូងរបស់ខ្លួនលើអ៊ីស្រាអែល ដោយបានបាញ់មីស៊ីល និងយន្តហោះដ្រូនជាង ៣០០ គ្រឿង និងគ្រាប់ ដើម្បីជាការសងសឹកចំពោះការវាយប្រហារដ៏គួរឱ្យសង្ស័យ ទៅលើបរិវេណស្ថានទូតរបស់ខ្លួន នៅទីក្រុងដាម៉ាសកាលពីថ្ងៃទី ១ ខែមេសា។
មីស៊ីល និងយន្តហោះដ្រូនគ្មានមនុស្សបើកភាគច្រើន ត្រូវបានបាញ់ទម្លាក់ដោយអ៊ីស្រាអែល និងសម្ព័ន្ធមិត្ត ហើយការវាយប្រហារនេះបានបណ្តាលឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះ នៅក្នុងប្រទេសអ៊ីស្រាអែល។
លោក Khamenei បាននិយាយកាលពីថ្ងៃអាទិត្យថា «តើមីស៊ីលប៉ុន្មានគ្រាប់ត្រូវបានបាញ់ផ្លោងចំគោលដៅនោះ វាមិនមែនជាបញ្ហាចម្បងនោះទេ អ្វីដែលសំខាន់នោះគឺថា អ៊ីរ៉ង់បានបង្ហាញភាពខ្លាំងរបស់ខ្លួននៅក្នុងប្រតិបត្តិការនោះ»។
លោកបានបន្ថែមថា «នៅក្នុងប្រតិបត្តិការនាពេលថ្មីៗនេះ កងកម្លាំងប្រដាប់អាវុធអាចកាត់បន្ថយការចំណាយ និងបង្កើនការចំណេញជាអតិបរិមា» ដោយជំរុញឱ្យមន្ត្រីយោធាបន្តការច្នៃប្រឌិតយោធាដោយឥតឈប់ឈរ និងរៀនយុទ្ធសាស្ត្ររបស់សត្រូវ។
គួរជម្រាបថា កាលពីព្រឹកថ្ងៃសុក្រកន្លងទៅ ការផ្ទុះមួយបានបន្លឺឡើងនៅក្នុងទីក្រុង Isfahan របស់អ៊ីរ៉ង់ ដែលប្រភពបាននិយាយថា ជាការសងសឹករបស់អ៊ីស្រាអែល។ ទីក្រុងតេហេរ៉ង់ បានបន្ទាបសារៈសំខាន់នៃឧបទ្ទវហេតុនេះ ហើយបាននិយាយថា ខ្លួនមិនមានផែនការសម្រាប់ការសងសឹកទេ ដែលជាការឆ្លើយតបមួយដែលត្រូវបានគេយល់ថា ធ្វើឡើងក្នុងគោលបំណងជៀសវាងសង្គ្រាមក្នុងតំបន់៕