(អ៉ីស្តង់ប៊ុល)៖ ប្រធានាធីបតីតួកគី លោក Tayyip Erdogan បានពិភាក្សាអំពីកិច្ចប្រឹងប្រែង ដើម្បីនាំយកជំនួយមនុស្សធម៌ទៅកាន់តំបន់ Gaza និងដើម្បីស្វែងរកសន្តិភាព ដែលយុត្តិធម៌និងយូរអង្វែងមួយ នៅក្នុងតំបន់ អំឡុងជំនួបរបស់លោក ជាមួយមេដឹកនាំចលនាហាម៉ាស លោក Ismail Haniyeh នៅឯទីក្រុង Istanbul កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។
វាគឺជាជំនួបលើកដំបូងបំផុតរវាងលោក Erdogan និងលោក Haniyeh ចាប់តាំងពីអ៉ីស្រាអែលបានចាប់ផ្តើមធ្វើសង្រ្គាមបច្ចុប្បន្ននៅ Gaza។ ទស្សនកិច្ចរបស់លោក Haniyeh នៅប្រទេសតួកគី កើតមានឡើង នៅរយៈពេល៣ថ្ងៃ បន្ទាប់ពីរូបលោកបានជួបរដ្ឋមន្រ្តីការបរទេសតួកគី លោក Hakan Fidan ក្នុងទីក្រុង Doha នៃប្រទេសកាតា។ ដំណើរទស្សនកិច្ចនេះទៀតសោត គឺចំពេលដែលភាពតានតឹងក្នុងតំបន់ បាននិងកំពុងតែកើនឡើងថែមមួយកម្រិតទៀត ក្រោយមានសេចក្តីរាយការណ៍អំពី ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលទៅលើអ៉ីរ៉ង់ ក្នុងសប្តាហ៍នេះ។
តួកគីដែលជាសមាជិកអង្គការ NATO បានចេញមុខរិះគន់ខ្លាំងៗ ចំពោះសង្រ្គាមអ៉ីស្រាអែល នៅ Gaza ហើយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ លោក Erdogan បានហៅហាម៉ាស ជាចលនាតស៊ូរំដោះជាតិ ហើយទន្ទឹមគ្នា លោកបានថ្កោលទោស ចំពោះក្រុមប្រទេសលោកខាងលិច សម្រាប់អ្វីដែលលោកហៅថា ការផ្តល់ការគាំទ្រដោយឥតលក្ខខណ្ឌរបស់ពួកគេដល់អ៉ីស្រាអែល។ ទីក្រុងអង់ការ៉ា ក៏បានដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច លើអ៉ីស្រាអែលផងដែរ។
ក្នុងជំនួបកាលពីថ្ងៃសៅរ៍ លោក Erdogan បានប្រាប់លោក Haniyeh ថា តួកគីនឹងបន្តកិច្ចប្រឹងប្រែងការទូតរបស់ខ្លួន ដើម្បីជួយសម្រេចឱ្យបាន នូវបទឈប់បាញ់អចិន្រ្តៃយ៍មួយ ព្រមទាំងដើម្បីការបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីនមួយ។ នាឱកាសនោះ លោក Erdogan ក៏បានប្រាប់លោក Haniyeh ដែរថា វាគឺជារឿងសំខាន់សម្រាប់ឱ្យជនជាតិប៉ាឡេស្ទីន ធ្វើសកម្មភាពដោយរួមសាមគ្គីគ្នា។
គួរបញ្ជាក់ថា ក្រុមហាម៉ាសប៉ាឡេស្ទីន បានដណ្តើមការគ្រប់គ្រងនៅតំបន់ Gaza កាលពីឆ្នាំ២០០៧ ពោលគឺ១ឆ្នាំក្រោយផ្ទុះសង្រ្គាមស៉ីវិលរយៈពេលខ្លី ជាមួយក្រុមហ្វាតារបស់អាជ្ញាធរប៉ាឡេស្ទីន ជាហេតុនាំឱ្យអាជ្ញាធរប៉ាឡេស្ទីន សព្វថ្ងៃមានអំណាចក្នុងកម្រិតរឹតត្បិត នៅឯតំបន់ West Bank ដែលស្ថិតក្រោមការត្រួតត្រារបស់អ៉ីស្រាអែល។ កិច្ចប្រឹងប្រែងដើម្បីផ្សះផ្សាភាគីប៉ាឡេស្ទីនទាំង២ មកទល់ពេលមិនទទួលបានជោគជ័យឡើយ ដោយសារតែបញ្ហានៃការចែករំលែកអំណាចគ្នា៕